(កំពង់ឆ្នាំង)៖ នៅថ្ងៃច័ន្ទទី៧ ខែកញ្ញា ឆ្នាំ២០២០ ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សា ថ្នាក់បឋមសិក្សាក្នុងដំណាក់កាលទី២ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការបើកឲ្យ ដំណើរការនៅគ្រឹះស្ថាន សិក្សាឡើងវិញ និងដំណាក់កាលទី២នេះ ក្រសួងបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ នៃរដ្ឋបាលស្រុក ក្រុង គ្រប់គ្រឹះស្ថាន បឋមសិក្សាសាធារណៈ មាតា បិតា អ្នកអាណាព្យាបាលសិស្សានុសិស្សព្រមទាំងគណៈគ្រប់គ្រងសាលារៀន គណៈទ្រទ្រង់សាលារៀន ស្ដីពីការត្រៀមលក្ខណៈ និងការបើកដំណើរការគ្រឹះស្ថានបឋម សិក្សាឡើងវិញ។
លោក សែម ស៊ីម នាយកសាលាបឋមសិក្សាអាឡែង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០នេះថា ការបើកឲ្យដំណើរការគ្រឹះស្ថានសិក្សា បឋមសិក្សាឡើងវិញក្នុងដំណាក់កាលទី២នេះ គឺអនុវត្តទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការិយាល័យអប់រំ ស្រុករលាប្អៀរ ដែលលោកបានអញ្ជើញទៅទទួល ការណែនាំពីលោកប្រធានការិយាល័យស្រុករលាប្អៀរដោយផ្ទាល់ ដោយមានការណែនាំដូចខាងក្រោម៖
*ទី១៖ ដើម្បីបើកដំណើរការគ្រឹះស្ថានបឋមសិក្សាឡើងវិញ អ្នកគ្រប់គ្រងគ្រឹះស្ថានបថមសិក្សាទាំងអស់ត្រូវពិនិត្យលក្ខណៈសម្បត្តិរបស់គ្រឹះស្ថានសិក្សារបស់ខ្លួនដូចតទៅ៖
*អនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ជាពិសេសពង្រឹងការអនុវត្តវិធានការ ការពារទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខា ភិបាលដូចជា៖ ការរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព ផាសុកភាព និងមេត្រីភាព។
*ត្រូវអនុវត្តវិធានការសម្លាប់មេរោគមុននឹងសិស្សានុសិស្សចូលរៀន ពិសេសបន្ទប់រៀនបណ្ណាល័យ បន្ទប់ពិសោធន៍ អាហាដ្ឋាន បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ អគារនានា សួនកម្សាន្ត និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។
*ត្រូវរៀបចំធ្វើអនាម័យបោសសម្អាតបន្ទប់រៀនអគារនានា និងបរិវេណគ្រឹះស្ថានសិក្សានឹងត្រូវគ្រប់គ្រងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវប្រចាំថ្ងៃ។
សិស្សដែលត្រូវចូលរៀន ត្រូវរៀបចំក្នុងមួយថ្នាក់ពី ១៥ ទៅ២០នាក់ ដោយមានពាក់ម៉ាស និងពិនិត្យកំដៅ ព្រមទាំងលាងដៃនឹងអាកុល ឬជែលជារៀងរាល់ថ្ងៃមុននឹងចូលបន្ទប់រៀន ហើយត្រូវរៀបចំ តុ កៅអីឲ្យសិស្សរៀន ដោយមានគម្លាត២ម៉ែត្រ ពីគ្នាផងដែរ។
លោកគ្រូ សៅ សារិន ប្រធានការិយាល័យអប់រំ ស្រុករលាប្អៀរ ក៏បានផ្ដល់បទសម្ភាសន៍ដល់អង្គភាពព័ត៌មាន Fresh News តាមទូរសព្ទនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ក្នុងការដំណើរការបើកឲ្យសិស្សចូលរៀនឡើងវិញនេះផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្ត៣ ដែលក្រសួងអប់រំ ទើបតែបានទម្លាក់ជូនមកការិយាល័យអប់រំរបស់លោករួមមាន៖
*ទី១៖ លិខិតលេខ៣៧ របស់មត្តេយ្យសិក្សា
*ទី២៖ លិខិតលេខ៣៨ របស់បឋមសិក្សា
*ទី៣៖ លិខិតលេខ៣៩ អយ កសណន៖ របស់ក្រសួងអប់រំស្តីពីការបើកបង្រៀនឡើងវិញ។
មុននឹងបើកឲ្យដំណើរការនូវការសិក្សាឡើងវិញនេះ លោកក៏បានប្រជុំផ្សព្វផ្សាយនាយកសាលាទាំងអស់ ដោយផ្តោតសំខាន់៖
*ទី១៖ បង្កើន និងពង្រឹងភារកិច្ចរបស់គណៈកម្មការសុខភាពសិក្សា តាមគ្រឹះស្ថានសិក្សានីមួយៗ ដោយកំណត់សមត្ថភាពនិងភារកិច្ចច្បាស់លាស់។
*ទី២៖ ដាក់បញ្ជូន និងពង្រឹង អនុវត្តសកម្មភាព លើកកំពស់សុខភាពសិក្សា ដែលបានកំណត់នៅក្នុងបរិបទនិងក្នុងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សានីមួយៗ នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការពិនិត្យលទ្ធ ភាពស្វែងរកសម្ភារមូលនិធិ ឃុំ សង្កាត់ ឬប្រភពផ្សេងៗដើម្បីជួយដល់គ្រឹះស្ថាន សិក្សានិងជួយលើកកម្ពស់ទឹកស្អាត និងអនាម័យល្អ៕