(ភ្នំពេញ)៖ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានលើកបង្ហាញបញ្ហាប្រឈមមួយចំនួន ដែលបានកើតមានទៅលើកម្មករ និយោជិតជាសមាជិករបស់ខ្លួននៅក្នុងឆ្នាំ២០១៥កន្លងទៅ និងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយកែប្រែមន្រ្តីមួយចំនួនដែលឃុបឃិតជាមួយនិយោជក ធ្វើបាប និងជិះជាន់កម្មករ។
ក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី២៨ ខែមករា ដែល Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ លោក អាត់ ធន់ បានថ្លែងថា ក្រោយពីសហជីពរបស់លោកដែលមានសមាជិកប្រមាណ ១០ម៉ឺននាក់ មកពីវិស័យចំនួន ៩ផ្សេងៗគ្នា ធ្វើការតស៊ូមតិជាមួយក្រុមហ៊ុន និងរាជរដ្ឋាភិបាល នៅឆ្នាំ២០១៥ មានបញ្ហាប្រឈមជាច្រើន បានដាក់សម្ពាធទៅលើសហជីព និងកម្មករនិយោជិតរបស់ខ្លួន។
លោក អាត់ ធន់ បានរៀបរាប់ថា នៅក្នុងឆ្នាំ២០១៥ សមាជិករបស់លោក ៣៨នាក់ ត្រូវបានក្រុមហ៊ុន និង អាជ្ញាធរប្តឹងទៅតុលាការ, បញ្ឈប់ពីការងារ ៦៤៥នាក់, ប្រើហិង្សារហូតរបួស ១៣នាក់, កម្មករ និយោជិត ១៨០៦នាក់ ត្រូវបានដួលសន្លប់ក្នុងអំឡុងពេលធ្វើការ, កម្មករ និយោជិត ៧៣៥៧នាក់ ជួបគ្រោះថ្នាក់ការងារ ក្នុងនោះ ១៣០នាក់បានស្លាប់។
ជាមួយបញ្ហាដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៥នេះ លោក អាត់ ធន់ បានស្នើដល់ស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធបន្តយកចិត្តទុកដាក់ និងជួយដោះស្រាយបញ្ហាឲ្យបានប្រសើរឡើង។ លោក ក៏បានស្នើរាជរដ្ឋាភិបាលកែប្រែមន្រ្តីមួយចំនួន ដែលបានឃុបឃិតជាមួយនិយោជក និងដាក់ទោសទាំងមន្រ្តី និងនិយោជក ដែលបានប្រព្រឹត្តល្មើស។
ក្នុងសេចក្តីថ្លែងការណ៍ ប្រធានសហភាពការងារកម្ពុជា ក៏បានស្នើទៅស្ថាប័នតុលាការឲ្យរក្សាឯករាជ្យភាព ដោយមិនត្រូវរងនូវឥទ្ធពលទឹកប្រាក់ និងអំណាចនយោបាយ ត្រូវកាត់សេចក្តីដល់កម្មករ និយោជិត ព្រមទាំងប្រជាពលរដ្ឋដោយយុត្តិធម៌៕