(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអះអាងថា ពេលមានពិធីបុណ្យទានម្ដងៗ ស្ថានភាពចរាចរណ៍ គឺមមាញឹកខ្លាំង ហើយទន្ទឹមគ្នានោះ ក៏មានគ្រោះថ្នាក់ចរាចរណ៍កើនឡើងផងដែរ។ តួលេខកន្លងមកបានបង្ហាញថា មានមនុស្សយ៉ាងតិច៧នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ក្នុងឱកាសពិធីបុណ្យផ្សេងៗ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងថ្នាក់ដឹកនាំក្រសួងសាធារណការ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលសែនក្បាលទឹកកន្លងទៅថ្មីៗនេះ មានមនុស្ស១០នាក់បានស្លាប់ និងរបួសជាង៤០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «សូមបញ្ជាក់ថា នៅរៀងរាល់ថ្ងៃបុណ្យតែងតែមានកំណើនចរាចរណ៍ គឺមានកំណើនគ្រោះថ្នាក់ ដូចជាថ្ងៃសែនក្បាលទឹកប៉ុន្មានថ្ងៃមុន ក្នុងមួយថ្ងៃមានមនុស្សស្លាប់១០នាក់ ហើយរបួសជាង៤០នាក់។ ក្រៅពីនេះ កាលពីចូលឆ្នាំឆ្នាំទៅ (២០១៩) ក៏ដូចជាភ្ជុំបិណ្ឌឆ្នាំទៅ យ៉ាងហោចណាស់ជាមធ្យមក្នុងមួយថ្ងៃស្លាប់៧នាក់ ហើយរបួសយ៉ាងហោច២០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍»។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន បានឲ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដាក់ចេញវិធានការណែនាំ និងអនុវត្តជាក់ស្ដែងរបស់កងកម្លាំងនគរបាលទូទាំងប្រទេស ទាំងការពារសន្ដិសុខ ទាំងការការពារសុវត្ថិភាពចរាចរណ៍។ នាយឧត្តមសេនីយ៍បន្ថែមថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋ លើការប្រើប្រាស់ផ្លូវផងដែរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានបង្ហាញអំពីលទ្ធផលនៃការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ដោយចាប់តាំងពីថ្ងៃអនុវត្ត ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មកដល់ពេលនេះ ថយគ្រោះថ្នាក់ចរាចរណ៍ ជាង៦០០លើក, ថយអ្នកស្លាប់ជាង២០០នាក់ និងថយអ្នករបួសជាង១,០០០នាក់។ នេះគឺជាលទ្ធផលដ៏ល្អប្រសើរមួយ ដែលកម្ពុជាកាត់បន្ថយបានការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការរង ក៏បានកោតសរសើរដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ជាច្រើន ដែលបានចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍បានយ៉ាងល្អប្រសើរ ដែលធ្វើបរិយាកាសក្នុងការបើកបរប្រកបដោយសណ្ដាប់ធ្នាប់ និងកាន់តែមានសុវត្ថិភាពល្អឡើងជាលំដាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏មានទិសដៅខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឲ្យប្រសើរឡើងទាំងការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងការអប់រំផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ។ នេះជាអ្វីដែលនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់បន្ថែម៕