(កណ្ដាល)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ដាលឱ្យខូចខាតរថយន្ត៥គ្រឿង នៅលើស្ពានព្រែកសំរោង បណ្ដាលមកពីឡានដឹកទំនិញបើកបានជិតពាក់កណ្ដាលស្ពានហើយ ស្រាប់តែខូចម៉ាស៊ីន ហើយក៏រអិលថយក្រោយស្របពេលហ្រ្វាំងចាប់មិនជាប់ទៀត ក៏ជ្រុលទៅគៀររថយន្ត៥គ្រឿង នៅពីក្រោយ បណ្ដាលឱ្យខូចខាតយ៉ាងដំណុំ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ វេលាម៉ោង០៦៖៣០នាទីព្រឹក នៅចំណុចខាងលើស្ពានព្រែកសំរោងត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជុំវិញករណីនេះខាងសមត្ថកិច្ចពុំទាន់ដឹងថា រថយន្តនេះមានម្ចាស់កម្មសិទ្ធិជារបស់ក្រុមហ៊ុនណានោះទេ ហើយពាក់ព័ន្ធទម្ងន់វិញថា លើស ឬមិនលើសក៏ពុំទាន់ដឹងនោះដែរ។
សមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ក្រ.ព្រះសីហនុ 3A-2933 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) មានទិសដៅពីលិចទៅកើត (ឡើងស្ពានព្រែកសំរោង) លុះមកដល់ចំណុចខាងលើស្ពាន រថយន្តក៏បានខូច (មិនដំណើរការ) រួចក៏រអិលថយក្រោយ បណ្ដាលឱ្យបុករថយន្ត បន្តបន្ទាប់គ្នាចំនួន ០៥គ្រឿងទៀតរួមមាន៖
ទី១៖ រថយន្តម៉ាក LEXUS ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2L-1645 បើកបរដោយឈ្មោះ មាស សុភា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
ទី២៖ រថយន្តម៉ាក TACOMA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-9709 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ
ទី៣៖ រថយន្តម៉ាក CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2P-7153 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ
ទី៤៖ រថយន្តម៉ាក TACOMA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2M-7446 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ
ទី៥៖ រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3903 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ
(រថយន្តទាំង៥គ្រឿង បើកបរមានទិសដៅពីលិចទៅកើតឡើងស្ពានព្រែកសំរោង)។ ខូតខាត រថយន្តធ្ងន់៥គ្រឿង ស្រាល១គ្រឿង។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះ អាសន្ននៅអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី៕