(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអះអាងថា នៅឆ្នាំ២០២១ខាងមុខនេះ នៅគ្រប់ផ្លូវលំក្នុងមូលដ្ឋានត្រូវតែមានអំពូសូឡាបំភ្លឺគ្រប់ផ្លូវទាំងអស់ ខណៈរដ្ឋបាល ខេត្តកណ្ដាល គ្រោងផ្ដល់អំពូលប្រើសូឡាចំនួន១០០ ដល់គ្រប់បណ្តាក្រុង-ស្រុកទាំង១១ សម្រាប់យកទៅដាក់បំភ្លឺតាមផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះអំពូលសូឡានេះ គឺប្រើប្រាស់ពន្លឺព្រះអាទិត្យ ងាយស្រួលប្រើប្រាស់ និងចំណេញថវិកាក្នុងការបង់ថ្លៃភ្លើងអគ្គីសនី។
ការអះអាងបែបនេះរបស់លោកអភិបាលខេត្តយកណ្តាល បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកញ្ញា កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួម ពីលោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង-ស្រុកទាំង១១ កងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ជាមួយគ្នានេះដែរលោក គង់ សោភ័ណ្ឌ ក៏បានតម្រូវឱ្យគ្រប់បណ្ដាក្រុង-ស្រុកទាំង១១ ត្រូវយកចិត្តទុកដាក់ពិនិត្យមើល ភ្លើងបំភ្លឺតាមផ្លូវសាធារណៈឱ្យបានប្រសើរ ត្រូវតែភ្លឺជានិច្ច ដើម្បីសោភ័ណភាពក្នុងភូមិ ស្រុក និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានងាយស្រួលក្នុងពេលយប់។
ក្នុងកិច្ចប្រជុំនេះដែរ ពាក់ព័ន្ធនឹងការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈលោកអភិបាលខេត្តបាន ស្នើឱ្យគ្រប់បណ្ដាក្រុងស្រុកទាំងអស់ ត្រូវមានប្រជាការពារយ៉ាងតិចចាប់ពី ១៥ នាក់ ឡើងទៅក្នុងភូមិ១ ដើម្បីពង្រឹងយន្តការភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពីព្រោះថាប្រជាការពារ និងសមត្ថកិច្ចមានកិច្ចសហការគ្នាល្អ ខិតខំធ្វើការងារបានច្រើន ហើយសកម្មនោះបទល្មើសពិតជាមានការថយចុះ។
បន្ថែមលើសនេះ លោកអភិបាលក៏បានប្រកាសថានឹងផ្ដល់ថវិកាដល់ប្រជាការពារទាំង១១ ក្រុង-ស្រុក ដោយក្នុងមួយក្រុង-ស្រុក ចំនួន ៥០០០ដុល្លារ៕