(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ អមដំណើរដោយមន្ត្រីរាជការ និងសមាជិកក្រុមការងារ ចុះជួយមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចូលរួមសំណេះសំណាលលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ក្នុងពេលបើកដំណើរការឱ្យសិស្សានុសិស្សគ្រប់កម្រិតសិក្សា បានចូលរៀនឡើងវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល០៦ខែកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីស្នាដៃរបស់រាជរដ្ឋាភិបាលនិងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងកូវីដ១៩ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមយ៉ាងសកម្ម ពីសំណាក់ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ បង្កលក្ខណៈឱ្យយើងគ្រប់គ្រងបានរឹងមាំនូវស្ថានភាព សុខភាពសាធារណៈ និងស្ថានភាពសេដ្ឋកិច្ច-សង្គមជាទូទៅ ដែលជាលក្ខណៈសម្បត្តិមូលដ្ឋាន អាចឱ្យគ្រឹះស្ថានសិក្សា នៅទូទាំងប្រទេសបើកដំណើរការឡើងវិញបាន។
អាស្រ័យហេតុនេះ ដើម្បីឱ្យដំណើរការបើកការសិក្សាឡើងវិញនេះប្រព្រឹត្តទៅដោយរលូនចៀសផុតបានពីផលប៉ះពាល់រំខានដោយកូវីដ១៩សារជាថ្មីម្តងទៀត គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវត្រងត្រាប់បទបញ្ជាវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដារអនាម័យនៃគោលការណ៍ប្រតិបត្តិ (SOP) តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ជាចុងក្រោយ លោករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារខេត្តក្រចេះ ក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត ក្រុង ស្រុក មូលដ្ឋាន និងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមយ៉ាង សកម្មថែមទៀត ប្រមូលកម្លាំងសាមគ្គីប្រជាពលរដ្ឋរួមគ្នាជម្នះរាល់ផលវិបាកដែលបង្កឡើងដោយកូវីដ១៩ ដើម្បីរក្សាស្ថិរភាព និងប្រក្រតីភាព ការពារសុខសន្តិភាពនិងការអភិវឌ្ឍរបស់សង្គមជាតិ សម្រាប់អនាគតរុងរឿងរបស់ប្រជាជននិងយុវជនយើងគ្រប់ជំនាន់តទៅមុខទៀត។
ជាមួគ្នានេះ ក្រុមការងារក៏បានចែកអំណោយសម្ភារសិក្សា ម៉ាសពាក់មុខ អាល់កុល ជែល និងសាប៊ូលាងដៃព្រមទាំងថវិកាមួយចំនួនជូនដល់សាលា និងសិស្សានុសិស្សផងដែរ៕