(រតនគិរី)៖ ដើម្បីធានាឱ្យការសិក្សាឡើងវិញរបស់ប្អូនៗសិស្សានុសិស្ស ក្នុងដំណាក់កាលទី២ ប្រកបដោយភាពជឿជាក់ និងទុកចិត្តបានពីការឆ្លងរីករាលដាលវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលស្ថានភាពសិក្សា និងចែកម៉ាសជូនសិស្សានុសិស្ សនិងឧបករណ៍វាស់កម្តៅដល់វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង។
នៅក្នុងឱកាសនេះដែរលោកអភិបាលខេត្តបានប្រគល់ម៉ាសចំនួន២,៥០០ម៉ាស ជូនវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ និងឧបករណ៍វាស់កំដៅចំនួន ៥០គ្រឿង ជូនគណៈគ្រប់គ្រងសាលាក្នុងខេត្ត ព្រមទាំងបានចែកម៉ាសជូនប្អូនៗក្មួយៗសិស្សានុសិស្សផងដែរ។
លោក ថង សាវុន បានសម្តែងនូវមោទនភាព និងកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងគណៈគ្រប់គ្រងសាលាវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ និយាយដោយឡែក និងនិយាយរួមគណៈគ្រប់គ្រងសាលានៅទូទាំងខេត្តដែលបានខិតខំអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នៅក្នុងបរិបទនៃការដាក់ឱ្យដំណើការការសិក្សាឡើងវិញក្នុងដំណាក់កាលទី២នេះ។
បន្ថែមលើនេះ លោកអភិបាលខេត្តបានទទូចឱ្យលោកនាយក លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារជំងឺកូវីដ-១៩ ដោយសាលាទាំងអស់ត្រូវរក្សាឱ្យបាននូវអនាម័យ បរិស្ថានល្អ ក្នុងបរិវេណសាលា ជាពិសេសនៅក្នុងបន្ទប់នីមួយៗត្រូវដាក់ចំនួនសិស្សតាមការណែនាំរបស់ក្រសួង ចំនួន២០-២៥នាក់ ព្រមទាំងត្រូវដាស់តឿនក្រើនរំឮកសិស្សានុសិស្សគ្រប់ពេលវេលា មុនចូលសិក្សាធ្វើការបាញ់កំដៅ និងត្រូវលាងដៃឱ្យបានស្អាតជាមួយនឹងអាល់កុល និងជែលលាងដៃ ដើម្បីការពារទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងរីករាលដាលនៅតាមសាលារៀនសហគមន៍។
ទន្ទឹមនេះដែរ លោក ថង សាវុន ក៏បានអំពាវនាវផងដែរដល់ឪពុក ម្តាយ និងអាណាព្យាបាលសូមគោរពតាមការណែនាំសំខាន់ៗរបស់ក្រសួងសុខាភិបាលក៏ដូចជាសារសំខាន់ៗ របស់ក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹងវិធានការការពារឱ្យចាកផុតពីកូវីដ-១៩ ព្រមទាំងចូលរួមនៅក្នុងកិច្ចការជួយឃ្លាំមើលអំពីសកម្មភាព និងការប្រែប្រួលសុខភាពរបស់កូនចៅខ្លួន បើមានកម្ដៅខ្ពស់ ឬមិនស្រួលខ្លួន ឬផ្ដាសាយសូមកុំបញ្ជូនកូនទៅរៀន។ ដោយឡែកអាជ្ញាធរមូលដ្ឋានសូមបន្តកិច្ចការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងភាពអត់ធ្មត់ក្នុងដំណើរការបើកសាលារៀនឡើងវិញស្ថិតក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩នេះ៕