(ភ្នំពេញ)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីរាជការក្រោមឱវាទ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមពិធីរាប់បាត្រដាឆ្លងបុណ្យ កាន់បិណ្ឌវេណទី៦ និងបាននាំយកទេយ្យវត្ថុ និងថវិកាទៅប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន៥ គឺវត្តមុន្នីប្រសិទ្ធិវង្ស វត្តអង្គសិរីសួស្តី វត្តច័ន្ទបុរីវង្ស វត្តសុវណ្ណវារី និងវត្តមហានន្ទិយនេរញ្ចរារាមនិវេទ ឬ (វត្តព្រែកប្រាំង) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ នៃខេត្តកណ្តាល និងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។
ពិធីប្រារព្ធកាន់បិណ្ឌ ត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទដែលសន្មតទុកថាជាថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជនប្រុសស្រី ក្មេងចាស់នៅទូទាំងប្រទេសកម្ពុជា នាំគ្នាទៅធ្វើបុណ្យនៅវត្ត ដោយមានទឹកមុខរីករាយស្រស់ស្រាយពោរពេញ ទៅដោយជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យ ជឿបាប ជឿកម្មផល។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀកបំពាក់ ល្អៗ ថ្មីៗយ៉ាងប្រណីត។
ថ្ងៃនេះ នៅគ្រប់វត្តទូទាំងប្រទេសមានឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឲ្យបរិយាកាស នៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណី បានបន្លឺរងំរណ្តំពីរោះ ត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឲ្យរំភើបរីករាយពន់ប្រមាណ។
កម្មវិធីសំខាន់បំផុតនាថ្ងៃនេះ គឺវេរប្រគេនយាគូ ឬចង្ហាន់ព្រឹក ចង្ហាន់ថ្ងៃត្រង់ ចំពោះព្រះសង្ឃ ទន្ទឹមនឹងពិធីរាប់បាតជាទ្រង់ទ្រាយធំ។ ព្រះសង្ឃស្វាធ្យាយធម៌បង្សុកូល ឧទ្ទិសកុសលមគ្គផលចំពោះវិញ្ញាណក្ខន្ធអតីតបុព្វបុរស ជីដូន ជីតា ញាតិការ ទាំងប្រាំពីរសន្តាន និងសូមប្រសិទ្ធពរស័ព្ទសាធុការ សុខចម្រើន មកកូនចៅឯក្រោយវិញ។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
ជាមួយគ្នានេះដែរ លោកស្រីក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លង រីករាលដាល នៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺដ៏កាចសាហាវមួយនេះ៕