(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងចំនួន ៤៩នាក់ រស់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីមូលដ្ឋាន បានបញ្ជូនមកកាន់មន្ទីរបង្អែកស្រុកមង្គលបុរី ដើម្បីសង្គ្រោះនាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិត ឡេ ចានសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់ RRT បានសហការជាមួយស្រុកប្រតិបត្តិមង្គលបូរី បានចុះស្រាវជ្រាវ និងអន្តរាគមន៍បន្ទាន់ បន្ទាប់ពីទទួលបានព័ត៌មានបឋមអំពីករណីមានអ្នកសង្ស័យកើតជំងឺគ្រុនឈីកនៅភូមិអូរស្ងួត។
លោកវេជ្ជបណ្ឌិត ឡេ ចានសង្វាត បានបញ្ជាក់ថា រោគសញ្ញាសំខាន់ៗដែលរកឃើញមានគ្រុនក្តៅពី ៣៩-៤០អង្សាសេ មានឈឺសន្លាក់ដៃជើង ឈឺសាច់ដុំ ចេញកន្ទួលក្រហមលើស្បែក វិលមុខ ក្អួតចង្អោរជាដើមសរុបចំនួនអ្នកសង្ស័យកើតជំងឺគ្រុនឈីកនេះមានចំនួន៤៩នាក់ ស្រី២៧នាក់ កុមារ៣៥នាក់ ក្នុងនោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តមង្គលបុរី ចំនួន២៣នាក់ ស្រី ១៣នាក់ ក្នុងនោះមានកុមារា ៨នាក់កុមារី៧នាក់។ ក្រុមគ្រូពេទ្យបានបូមឈាមចំនួន ២៣នាក់ កុមារ១៥នាក់ ដើម្បីបញ្ជូនមកធ្វើតេស្តស្រាវជ្រាវរកមើលមេរោគគ្រុនឈីក នេះនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញបន្តទៀត។
លោកបានឱ្យដឹងបន្តទៀតថា ចំពោះអ្នកផ្សេងទៀតមានសភាព ធូរស្រាលហើយបន្តការតាមដានទៀត។ ក្នុងនោះក្រុមគ្រូពេទ្យ បានធ្វើការអន្តរាគមបន្ទាន់អប់រំពីជំងឺគ្រុនឈីក ការបង្ការ និងការលុបបំបាត់ភ្នាក់ងារចម្លងបានបាញ់ថ្នាំមូស តែខ្វះអាបែត សំណូមពរដាក់អាបែត បន្តតាមដានករណីបន្ថែម និងតាមដាសុខភាពអ្នកសម្រាកពេទ្យ បើមានជំងឺគ្រុនឈីកនេះ ត្រូវរាយយការណ៍ជាបន្តបន្ទាប់អំពីការវិវត្តន៍ថ្មីៗជូនថ្នាក់ដឹកនាំបន្ត៕