(កំពង់ឆ្នាំង)៖ លោក អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្កកំពង់ឆ្នាំង និងលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង អមដោយលោក ដាក សម្ផស្ស ក្រឡាបញ្ជី នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំសហការី ចុះសាកសួរសុខទុក្ខជនជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង និងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន៖ រួមមានទឹកក្រូច ទឹកសុទ្ធ អង្ករ និងសត្វជ្រូកចំនួន០២ក្បាល ប្រគល់ជូនដល់ពន្ធនាគារខេត្តកំពង់ឆ្នាំង នាឱកាសពិធីថ្ងៃកាន់បិណ្ឌវេនទី៦។
លោក អ៉ិត សុធា បានថ្លែងថា ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៦នេះ លោកបានឆ្លៀតឱកាសដឹកនាំសហការីចុះសាកសួរសុខទុក្ខជនជាប់ឃុំនៅក្នុងពន្ធនាគារ និងបាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភដល់ពន្ធនាគា ខណៈដែលមានការខ្វះខាតក្នុងដំណាក់កាលការរីករាលដាលឆ្លងជំងឺកូវីដ-១៩។
ក្នុងឱកាសចុះសួរសុខទុកនេះ លោកព្រះរាជអាជ្ញា ក៏មានសុទ្ធាថ្លាក្នុងពុទ្ធសាសនា ដោយចំណាយថវិការួមគ្នាជាមួយសហការី និងលោកប្រធានពន្ធនាគាររៀបចំពិធីសូត្រមន្ត រាប់បាតព្រះសង្ឃចំនួន១៥អង្គ ដើម្បីឱ្យជនជាប់ឃុំបានកាន់បិណ្ឌក្នុងព្រះពុទ្ធសាសនាផង ព្រមទាំងមានការចែកជូននូវតេយ្យទានមួយចំនួនជូនយាយជី តាជីផងដែរ។
លោក អ៉ិត សុធា ក៏បានផ្តាំផ្ញើដល់បងប្អូនជនជាប់ឃុំទាំងអស់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ឋនាគារឱ្យខិតខំគោរពវិន័យ កសាងខ្លួនឱ្យបានល្អ ដើម្បីឱ្យឆាប់បានរួចពីទោសទណ្ឌ និងបានទៅរស់នៅជួបជុំក្រុមគ្រួសារសាច់ញាត្តិក្នុងសង្គមវិញ និងត្រូវធ្វើជាមនុស្សល្អ គោរពតាមច្បាប់ជាធរមាន នៃ ពរះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនោះដែរ លោកព្រះរាជអាជ្ញា ក៏បានអំពាវនាវដល់បងប្អូនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ទាំងការហូបចុក ការស្នាក់នៅ ត្រូវមានអនាម័យជាប្រចាំដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដោយសារតែនៅក្នុងពិភពលោកបច្ចុប្បន្ន មេរោគដ៏កាចសាហាវមួយនេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ ដូច្នេះត្រូវចូលរួមអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕