(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, តំណាងប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តបាត់ដំបង បើកសិក្ខាសាលាស្តីពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ» នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, តំណាងប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តបាត់ដំបង ដោយបានការអញ្ជើញចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្មជាច្រើនរូបទៀត។
លោក ងួន រតនៈ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការលើកទឹកចិត្តដល់សហគ្រិនទូទាំងប្រទេស បង្កើតផែនការយុទ្ធសាស្ត្រទ្រទ្រង់ ដល់វិស័យសហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្ដល់ហិរញ្ញប្បទាន និងដៃគូរចូលរួមសហការ ដោយគិតអត្រាការប្រាក់ទាបដល់សហគ្រាស ផលិតកម្មទាំងអស់ទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពសង្វាក់ផលិតកម្ម ឱ្យមានគុណភាពតាមលក្ខណៈស្ដង់ដាទីផ្សាអន្តរជាតិ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋទូទាំងប្រទេស និងបង្កើតឱកាសការងារដល់កម្មករឱ្យមានការងារធ្វើ និងជំរុញវិស័យសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាលំដាប់។
លោក ងួន រតនៈ បានកោតសរសើរដល់វិស័យឯកជន ពាណិជ្ជករ នៅក្នុងខេត្តបាត់ដំបង មានការសាមគ្គីគ្នាល្អប្រសើរ បើកចិត្តទូ
លាយនាំគ្នាចូលរួមនៃវប្បធម៌ចែករំលែក គឺអ្នកមានលុយមួយចំនួនបានជួយការងារសង្គម គឺជួយឧត្ថមដល់អ្នកអត់ខ្វះខាតជាដើមរហូតមក។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះដែរ លោកឧកញ៉ា តែ តាំងប៉ បានឱ្យដឹងថា ដោយមើលឃើញថា សហគ្រាសធុនតូច និងមធ្យមមានច្រើននៅកម្ពុជា ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការ ការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់នោះ លោកក៏បានសហការយ៉ាងល្អជាមួយដៃគូជាច្រើន ដើម្បីរៀបចំឱ្យមានអង្គសិក្ខាសាលានេះឡើង និងបានរៀបចំសិក្ខាសាលាជាលើកទី៤ នៅខេត្តបាត់ដំបង និងបន្តទៅខេត្តដ៏ទៃផ្សេងទៀត។
លោកឧកញ៉ា សង្ឃឹមថា សហគ្រាសធុនតុច និងមធ្យម ដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលាថ្ងៃនេះ នឹងយកចិត្តទុកដាក់ក្នុងការ
ស្តាប់ រៀនសូត្រនូវចំណេះដឹងថ្មីៗបន្ថែមទៀត ពីអង្គសិក្ខាសាលា ហើយក្រោយពីបានទទួលការបណ្តុះបណ្តាល ក្នុងកម្មវិធីពេញមួយថ្ងៃនេះ សហគ្រាសធុនតូច និងមធ្យមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីពង្រឹងសម្ថភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនថែមទៀត។
លោកឧកញ៉ា តែ តាំងប៉ បានបន្តថា ដោយបានការផ្តួចផ្តើមពីរាជរដ្ឋាភិបាលលម្ពុជា នូវការបង្កើតគម្រោងសហហិរញ្ញប្បទាន សម្រាប់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ គម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់ ១០០លានដុល្លារ ក្នុង៥០លានដុល្លារ ចូលរួមដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ៣៣ និង៥០លានដុល្លារទៀត បានពីធនាគារសហគ្រាសធុនតូច និងមធ្យម។ គម្រោងសហិរញ្ញប្បទាន មានគោលបំណង ដោះស្រាយបញ្ហាប្រឈមនានា ដែលរងប៉ះពាល់ដោយសារវិបត្តកូវីដ១៩។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា វិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយត្រូវការជាចាំបាច់ឱ្យប្រមុខរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយជ្រោមជ្រែងគិតគូរ ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ ធ្វើយ៉ាងណាឱ្យផលិតផលមានគុណភាពខ្ពស់ តម្លៃដើមទាប ដើម្បីងាយស្រួលប្រគួតប្រជែងចូលទីផ្សារអន្តរជាតិ។ ជាកម្លាំងចលកររួមចំណែកជួយជំរុញដល់វិស័យសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើន។
របាយការណ៍បានបន្តទៀតថា ដោយសារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បច្ចុប្បន្នមានបញ្ហាប្រឈមច្រើន ហើយម្ចាស់សហគ្រាសមួយចំនួន ចំណេះដឹងរបស់ពួកគាត់ នៅមានកម្រិត ដែលធ្វើឱ្យពួកគាត់ពិបាករៀបចំគ្រប់គ្រងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធិភាព ផលិតផលពួកគាត់នៅមិនទាន់សមស្របនឹងទីផ្សាជាដើម។ ជាពិសេសទៅទៀតនោះ វិស័យសហគ្រាសធុនតូច និងមធ្យម ភាគច្រើនមិនអាចទាន់ចេះរៀបចំឯកសារផ្សេងៗបាននោះទេ ដែលជាហេតុធ្វើឱ្យពួកគាត់មិនមានលទ្ធភាព ក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្មបន្ថែមទៀត។
ដោយសារកត្តាទាំងនេះហើយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគៀងគរថវិការជាមួយក្រុមហ៊ុន Metfone, ធនាគារឯកទេស Wing, អង្គការតម្លាភាពកម្ពុជា, ធនាគារ Prince, ក្រុមហ៊ុន Bs Land and Home និងដៃគូរជាច្រើនទៀត ដើម្បីគ្រោងនឹងរៀបចំសិក្ខាសាលាទូទាំង ២៥រាជធានី ខេត្ត ក្រុង ដោយមិនយកកម្រៃ ក្នុងគោលបំណងឱ្យពួកគាត់យល់ដឹងអំពីការរៀបចំ
ផែនការអាជីវកម្ម ផែនការហិរញ្ញវត្ថុ ក៏ដូចជាការធ្វើឱ្យផលិតផលរបស់ពួកគាត់ សមស្របទៅនឹងទីផ្សា ទាំងតម្លៃ និងគុណភាពហើយ ដើម្បីជំរុញក្នុងការទទួលបានហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្ម ពិសេសហិរញ្ញប្បទានពីធនាគារ សហគ្រាសធុនតូច និងមធ្យម៕