(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយដ្ឋានបុគ្គលិក បានផ្តាំទៅមន្ត្រីនគរបាលមិនត្រូវប្រើប្រាស់សិទ្ធិអំណាច ឬបុណ្យស័ក្តិ ដែលខ្លួនមានទៅគាបសង្កត់ប្រជាពលរដ្ឋទន់ខ្សោយនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព។

ការបញ្ជាក់បែបនេះក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមលោក អ៊ុ រាត្រី អភិបាលខេត្តនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញ។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកតួនាទី បុណ្យស័ក្ដិទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ឡើយ ហើយក៏មិនត្រូវយកសិទ្ធិអំណាច ទៅគាបសង្កត់ពលរដ្ឋស្តូតត្រង់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង ដែលធ្វើឱ្យបាត់បង់កត្តិយសជាមន្ត្រីយុត្តិធម៌ បើសិនជាមានករណីនេះកើតឡើង មិនត្រូវបានលើកលែងឡើយ»

នាយឧត្តមសេនីយ៍ បានផ្តាំទៀតថា មន្ត្រីនគរបាល ត្រូវតែខិតខំបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ដោយត្រូវលុបបំបាត់ឱ្យអស់នូវសកម្មភាព បង្កអសន្តិសុខក្នុងសង្គមជាតិ ចោរលួច ចោរឆក់ល្បែងស៊ីសងក្មេងទំនើង ពិសេសករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវតែរួមគ្នាលុបបំបាត់ឱ្យអស់ និងត្រូវត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសាគ្រោះធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ ទឹកជំនន់ដែលអាចកើតមាននាពេលខាងមុខ។

លោក អ៊ុ រាត្រី បានកោតសរសើរ និងអរគុណដល់កងកម្លាំនគរបាល ដែលកន្លងមកតែងតែខិតខំបំពេញតួនាទីភារកិច្ច ការពារសណ្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់។ មួយវិញទៀត លោកក៏បានចូលរួមត្រេកអរចំពោះបងប្អូននគរបាល ដែលទទួលបានការតម្លើយឋានន្តរស័ក្តិ ជាការតបស្នងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្តាប់ធ្នាប់នាពេលកន្លងមកដោយមិនខ្លាចនឿយហត់។

សូមបញ្ជាក់ថា សម្រាប់មន្ត្រីនគរបាលដែលត្រូវបំពាក់ឋានន្តរស័ក្តិរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ត្រី ៧នាក់, ថ្នាក់វរសេនីយ៍ឯក ១៧នាក់, វរសេនីយ៍ទោ ៤នាក់, វរសេនីយ៍ត្រី ១១៣នាក់ និងថ្នាក់អនុសេនីយ៍ឯក ៧នាក់ សរុបចំនួន១៩៨នាក់។ ក្នុងនោះក៏មានការតែងតែស្នងការរង និងផ្ទេរភារកិច្ចមន្ត្រីនគរបាលមួយចំនួនទៀតផងដែរ៕