(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ និងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ចុះត្រួតពិនិត្យ និងចែកសម្ភារការពារជំងឺកូវីដ-១៩ ដល់សិស្សានុសិស្សនៅវិទ្យាល័យនេតយ៉ង់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
លោកអភិបាលខេត្តបានថ្លែងថា ក្នុងការអនុញ្ញាតឱ្យសិស្សចូលរៀនក្នុងដំណាក់កាលទី២ មានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ របស់ក្រសួងអប់រំ ពេលនេះសូមលោកគ្រូ អ្នកគ្រូត្រូវគិតគូរអំពីបញ្ហាសុខភាពទាំងអស់គ្នា ពោលគឺពេលមកបង្រៀនអ្នកគ្រូ លោកគ្រូ និងសិស្ស ត្រូវអនុវត្តពាក់ម៉ាសការពារទាំងអស់គ្នា ហើយបើមានការខ្វះខាតសូម រាយការណ៍មកអាជ្ញាធរក្រុង ដើម្បីផ្ដល់ជូនបន្ថែម។
លោកអភិបាលបានណែនាំដល់លោកគ្រូ អ្នកគ្រូ ជួយរៀបចំកន្លែងអង្គុយឱ្យមានគម្លាតពីសិស្សម្នាក់ ទៅម្នាក់ទៀត ចម្ងាត១ម៉ែត្រកន្លះ ឱ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជំរុញឱ្យសិស្សឧស្សាហ៍លាងដៃជាមួយអាល់កុល ឬសាប៊ូជាប្រចាំ មុនពេលចូលរៀន ក្នុងនោះដែរ ប្រសិនបើលោកគ្រូ អ្នកគ្រូឆែកមើលសុខភាព សិស្សណាម្នាក់មានអាការៈ មិនស្រួលសូមប្រញាប់ទំនាក់ទំនងទៅកាន់គ្រូពេទ្យជាបន្ទាន់។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់សិស្សានុសិស្សខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងរៀនសូត្របន្ថែមទៀត ទោះបីយើងកំពុងប្រឈមមុខជាមួយជំងឺរាតត្បាតកូវីត-១៩នេះក៏ដោយ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តបាននាំយកអំណោយដែលបានផ្ដល់ជូនលោក អឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង់មានដូចជា ម៉ាស៊ីនវាស់កម្តៅចំនួន២ អាកុលពីរ២កាន និង ម៉ាសចំនួន៣០០០ម៉ាស៕