(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ព្រះសង្ឃគណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទវត្តកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អំពាវនាវរកសប្បុរសជនសូមជួយថវិកា ដើម្បីសាងសង់ស្ពានបេតុងឆ្លងកាត់ស្ទឹងសែន នៅឃុំកំពង់ស្វាយ ឱ្យបានរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។
លោកស្រីបានអំពាវយ៉ាងដូច្នេះ ក្នុងពិធីវេនកាន់បិណ្ឌវេនទី៥ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តកំពង់ស្វាយ។ លោកស្រីបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើន ធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទាន កើតចេញពីទឹកចិត្តជ្រះថ្លារបស់បងប្អូន ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងបងប្អូនតាមបណ្តាខេត្តមួយចំនួន ដើម្បីយកមកកសាង។
ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី ក៏បានថ្លែងអំណរគុណ លោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង មន្ទីរអង្គភាពគ្រប់ស្ថាប័ន និងលោកយាយ លោកតា និងពុទ្ធបរិស័ទ ដែលអញ្ជើញមកពីបណ្តាខេត្តក្រុងទាំងអស់ ដើម្បីនាំយកបច្ច័យមកកសាងនូវសមិទ្ធផលនានានេះពិសេសបានជួយសាងសង់ស្ពានថ្មឆ្លងកាត់ស្ទឹងសែន។
លោកស្រីបានបន្តថា «យើងបានសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែកត្តាសុខសន្តិភាព ដូច្នេះបងប្អូនទាំងអស់ត្រូវនាំគ្នារក្សាសន្តិភាព ឱ្យបានយូរអង្វែង ជាមួយនឹងរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ»។
ហើយនេះ គឺជាការរួមចំណែកមួយដើម្បីលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏ជាការបង្ហាញឱ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង និងជាចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល ឱ្យមានការអភិវឌ្ឍន៍ផងដែរ។
លោក អឹម ជុង ប្រធានគណៈកម្មការវត្ត បានលើកឡើងថា ការសាងសង់ស្ពាននេះ គឺជាការចូលរួមជាមួយនឹងពុទ្ធបរិស័ទ តាមកម្លាំងសទ្ធាដោយបានកសាងតាំងពីឆ្នាំ២០១៧ ហើយការសាងសង់ស្ពានថ្មមានប្រវែង១៥១,២ ម៉ែត្រ ទទឹង ៤,៥០ ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ដោយគម្រោងចំណាយថវិកាអស់ជាង៥០ម៉ឺនដុល្លារ។
លោកបានបន្តទៀតថា ការសាងសង់ស្ពាននេះឡើង គឺបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានទៅសិក្សារៀនសូត្រ និងប្រជាពលរដ្ឋបានដឹកកសិផលពីត្រើយម្ខាង ទៅត្រើយម្ខាង ឬពីស្រុកមួយទៅស្រុកមួយផងដែរ។ ចុងក្រោយលោកសូមអំពាវនាវសប្បុរជនសូមមេត្តាចូលរួមចាប់មគ្គផលតាមសទ្ធា ដើម្បីកសាងស្ពាននេះឱ្យបានរួចរាល់ជាស្ថាពរ៕