(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំ ក្រោមអធីបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ពិភាក្សា និងអនុម័តលើ សេចក្ដីព្រាង «ស្ដង់ដារសណ្ឋាគារបៃតងកម្ពុជា»។ កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងទេសចរណ៍។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពាក់ព័ន្ធនឹងសេចក្ដីព្រាង «ស្ដង់ដារសណ្ឋាគារបៃតងកម្ពុជា» ការរៀបចំដោយផ្អែកលើគោលការណ៍គ្រឹះចំនួន០៤ គឺការយកចិត្តទុកដាក់ថែរក្សា បរិស្ថាន ការប្រើប្រាស់ផលិតផលបៃតង ការគ្រប់គ្រងសំណល់ ការគ្រប់គ្រងគុណភាពខ្យល់ និងសារធាតុគីមី។
សេចក្ដីព្រាងស្ដង់ដារសណ្ឋាគារ បៃតងកម្ពុជានេះ រួមមាន១១សូចនាករគោលដែលរួមមាន៖
- ការលើកកម្ពស់គុណភាពបរិស្ថាន និងអនុវត្តសកម្មភាពជាក់ស្ដែង សម្រាប់ប្រតិបត្តិការអាជីវកម្ម សណ្ឋាគារ រួមមាន ការផ្សព្វផ្សាយគោលការណ៍ លើកកម្ពស់គុណភាពបរិស្ថាន ការរៀបចំកម្មវិធី និង កម្មវិធីតាមដាន និងត្រួតពិនិត្យក្នុងការគ្រប់គ្រងបរិស្ថាន សម្រាប់ដំណើរការអាជីវកម្មសណ្ឋាគារ។
- ការប្រើប្រាស់ផលិតផលបៃតង រួមមានការជម្រុញ និងលើកទឹកចិត្តឱ្យប្រើប្រាស់ ផលិតផលក្នុងស្រុក សម្រាប់ប្រតិបត្តិការអាជីវកម្មសណ្ឋាគារ។
- ការចូលរួមការអភិវឌ្ឍសហគមន៍ រួមមានកម្មវិធីលើកកម្ពស់ការយល់ដឹង អំពីបរិស្ថានដល់ប្រជាពល រដ្ឋក្នុងសហគមន៍ ការចូលរួមលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋ ក្នុងសហគមន៍។
- កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស រួមមានការរៀបចំកម្មវិធីបណ្ដុះបណ្ដាល បុគ្គលិក និងកម្មវិធីផ្សព្វផ្សាយ បណ្ដុះបណ្ដាលបន្តអំពីសង្គម។
- ការគ្រប់គ្រងសំណល់រឹង រួមមាន ការណែនាំពន្យល់បង្ហាញ អំពីបច្ចេកទេសក្នុងការគ្រប់គ្រងកាកសំណល់ ការលើកទឹកចិត្តឱ្យបុគ្គលិកសណ្ឋាគារ និងភ្ញៀវឱ្យចូលរួមគាំទ្រយុទ្ធសាស្ត្រ គ្រប់គ្រងសំណល់។
- ការប្រើប្រាស់ថាមពល ប្រកបដោយប្រសិទ្ធភាព រួមមាន ការណែនាំបុគ្គលិក និងភ្ញៀវអំពីបច្ចេកទេស និងឧបករណ៍ដែលជួយសន្សំសំចៃថាមពល ព្រមទំាងរបាយការណ៍ វឌ្ឍនភាពនៃការប្រើប្រាស់ថាមពល។
- ប្រសិទ្ធភាពក្នុងការប្រើប្រាស់ទឹក និងគុណភាពទឹក រួមមាន ការណែនាំបុគ្គលិក និងភ្ញៀវអំពីបច្ចេកទេស ដែលជួយសន្សំសំចៃទឹក
- ការគ្រប់គ្រងគុណភាពខ្យល់ រួមមាន ការបែងចែកកន្លែងដែលភ្ញៀវអាចពិសាបារីបាន និងមិនអនុញ្ញាត ឱ្យពិសាបារី។
- ការគ្រប់គ្រងការបំពុលបរិស្ថានសម្លេង រួមមាន ផែនការត្រួតពិនិត្យ និងតាមដានការបំពុលបរិស្ថាន ដោយសម្លេង។
- ការគ្រប់គ្រង និងការធ្វើប្រព្រឹត្តកម្មសំណល់រាវ រួមមាន យន្តការការពារ និងកាត់បន្ថយការបំពុលទឹក និងការធ្វើប្រព្រឹត្តកម្មសំណល់រាវ។
- ការគ្រប់គ្រងផលិតផល និងសំណល់ ដែលមានសារធាតុគីមី និងជាតិពុល រួមមាន ការគ្រប់គ្រងការ ប្រើប្រាស់ផលិតផលគីមី និងមានសារធាតុពុល ការគ្រប់គ្រងសំណល់គីមី និងមានសារធាតុពុល។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា «ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា» បានដាក់ឆ្លងយោបល់ពីផ្នែកពាក់ព័ន្ធ ជាច្រើនលើកផងដែរ៖
- នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ បានជួបប្រជុំជាមួយផ្នែកឯកជន ដើម្បីពិនិត្យ និងពិភាក្សានៅសណ្ឋាគារ អង្គរស៊ិនជូរី ខេត្តសៀមរាប
- នៅខែមេសា ឆ្នាំ២០១៤ បានរៀបចំប្រជុំ និងធ្វើបទបង្ហាញឆ្លងថ្នាក់អគ្គនាយកដ្ឋាន
- នៅខែមិថុនា ឆ្នាំ២០១៤ បានរៀបចំប្រជុំ និងធ្វើបទបង្ហាញជូនភាគីឯកជន
- នៅថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ បានធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសថៃ ដើម្បីដកបទ ពិសោធន៍ក្នុងការរៀបចំស្ដង់ដារសណ្ឋាគារបៃតងកម្ពុជា ស្របទៅនិងស្ដង់ដារសណ្ឋាគារបៃតងអាស៊ាន៕