(ប៉ៃលិន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានណែនាំមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ឱ្យប្រឹងប្រែងរកទីផ្សារសម្រាប់កសិផល ក៏ដូចជាផលិតផលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ដើម្បីឆ្លើយតបតាមការដាក់ចេញគោលការណ៍ជំរុញការដាំដុះ និងចិញ្ចឹមត្រីសាច់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងបរិបទនៃវិបត្តិបង្កពីជំងឺកូវីដ១៩។
លោក ប៉ាន សូរស័ក្តិ បានណែនាំបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ។
ក្នុងជំនួបសំណេះសំណាលនេះលោករដ្ឋមន្ត្រី បានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិសង្គមដែលបង្កឡើងដោយជំងឺកូវីដ១៩។ ក្នុងចំណោមយុទ្ធសាស្ត្រ និងដំណោះស្រាយចំពោះវិបត្តិនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញដាំដុះជំរុញដាំដុះដំណាំ និងការចិញ្ចឹមសត្វជាដើម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់ក្នុងស្រុក ធានាសន្តិសុខស្បៀង ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រ និងផែនការរបស់ប្រមុខរាជរដ្ឋាភិបាលនេះ លោក ប៉ាន សូរស័ក្តិ បានណែនាំមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ខិតខំរកទីផ្សារសម្រាប់បន្លែបង្កា ត្រីសាច់ ក៏ដូចជាផលិតផលនានា ដែលគាត់ផលិតបាន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «បញ្ហាប្រឈម ដែលបង្កឡើងពីការរីករាលដាលនៃជំងឺកូវីដ-១៩នេះ យើងអាចដោះស្រាយបាន ព្រោះយើងជាប្រទេសកសិកម្មស្រាប់។ តែយើងទាំងអស់គ្នាត្រូវខិតខំអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការកៀរគរស្ថាប័នពាក់ព័ន្ធនានា និងខិតខំបង្កើនកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីធ្វើឱ្យខ្សែច្រវ៉ាក់តម្លៃឱ្យដំណើរការល្អប្រសើរ និងត្រូវបង្កើតផ្សារចុងសប្ដាហ៍នៅក្នុងខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយលក់ផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករផ្ទាល់។ ជាពិសេសលើកស្ទួយវិបុលភាពកសិករខ្នាតតូចតាមរយៈការបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ»។
ក្នុងកិច្ចសំណេះសំណាលនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានណែនាំមន្ត្រីឱ្យយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។
បន្ទាប់ពីកិច្ចសំណេះសំណាលហើយនោះ លោក ប៉ាន សូរស័ក្តិ ក៏បានអញ្ជើញសម្ពោធរូបសំណាកព្រះគោ ដែលបានកសាងឡើងតាំងពីចុងឆ្នាំ២០១៨ នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ។ ពិធីនេះ ក៏មានអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូប៕