(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ។
តាមកម្មវិធីនៅថ្ងៃនេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី៤១ អន្តរសភាអាស៊ាន ដែលរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះតាមប្រព័ន្ធវីដេអូ ពីវិមានរដ្ឋសភា។
បន្ទាប់ពីបើកជាផ្លូវការសម្តេចពញាចក្រី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតនោះ ជាមួយថ្នាក់ដឹកនាំសភាដែលជាសមាជិក AIPA។
មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើក្រោមមូលបទ «ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប»។ នេះជាលើកទី១ ហើយក្នុងប្រវត្តិសាស្រ្ត AIPA ដែលការរៀបចំមហាសន្នបាតធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានប្រទេសជាសមាជិកដូចជា ប្រ៊ុយណេ ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន៕