(កណ្ដាល)៖ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ខេត្តកណ្តាល នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បាននាំថវិកា និងគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនដល់ក្រុមគ្រួសារមន្ត្រីកងរាជអាវុធហត្ថចំនួន៤គ្រួសារ ដែលកំពុងមានជំងឺ និងឆ្លងទន្លេ នៅស្រុកមុខកំពូល ស្រុកល្វាឯម និងស្រុកពញាឮ។
ដំណើរការនេះដឹកនាំដោយ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល។ ជំនួសមុខឱ្យលោកឧត្តមសេនីយ៍ សំ តុលា, លោក ច័ន្ទ សារ៉ាដែន បានលើកឡើងថា «អរគុណសន្តិភាព» ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញ និងមានការរីកចំរើនជាលំដាប់។
គួរជម្រាបជូនថា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដែលបានផ្ដល់ជូនមន្ត្រីអាវុធហត្ថដែលគ្រួសារមានជំងឺ និងឆ្លងទន្លេរួមមាន៖
ទី១៖ លោកអនុសេនីយ៍ឯក ឈួន វណ្ណធី មេបញ្ជាការរង មូលដ្ឋានស្រុកមុខកំពូល មានជំងឺវះកាត់ភ្នែកទទួលបានថវិកា ចំនួន ១,៤៦៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅក្នុងស្រុកមុខកំពូល។
ទី២៖ គ្រួសារឆ្លងទន្លេ លោកអនុសេនីយ៍ឯក អុឹម អាន ជំនួយការមូលដ្ឋាន ស្រុកមុខកំពូល ទទួលបានថវិកា ១,៤៨៥,០០០រៀល និងសម្ភារមួយចំនួនទៀត ស្ថិតនៅក្នុងស្រុកមុខកំពូល។
ទី៣៖ គ្រួសារឆ្លងទន្លេ លោកអនុសេនីយ៍ទោ អ៊ុ ភារក្ស ជំនួយការមូលដ្ឋានស្រុកល្វាឯម ទទួលបានថវិកាចំនួន ១,៣១៥,០០០រៀល និងសម្ភារមួយចំនួនទៀត ស្ថិតនៅក្នុងស្រុកល្វាឯម។
និងទី៤៖ គ្រួសារឆ្លងទន្លេ លោកអនុសេនីយ៍ទោ ណែត សីហា ជំនួយការមូលដ្ឋាន ស្រុកពញាឮ ទទួលបានថវិកាចំនួន ៩៧០,០០០រៀល និងសម្ភារមួយចំនួនទៀត ស្ថិតនៅក្នុងស្រុកពញាឮ។
ក្នុងឱកាសនោះដែរ ក្រុមគ្រួសារទាំង៤ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕