(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចេញលិខិតចំនួន ៣សន្លឹក ធ្វើការកោះហៅម្ចាស់កាស៊ីណូហេងហេង និង GMG នៅមាត់ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង រួមទាំងម្ចាស់កាស៊ីណូហេងហេង នៅអន្លង់ជ្រៃ ដែលមានបើកសង្វៀនជល់មាន់ភ្នាល់ដាក់លុយ ទៅធ្វើការសួរនាំពីច្បាប់ទម្លាប់នាពេលឆាប់ៗខាងមុខនេះ ហើយនឹងមានវិធានការតាមច្បាប់ ប្រសិនបើមិនមានច្បាប់ ឬអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេង។
លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News យ៉ាងដូច្នេះនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ ដោយលោកអះអាងថាកាលពីល្ងាចម្សិលមិញ លោកបានចេញលិខិតចំនួន ៣ច្បាប់ កោះហៅម្ចាស់កាស៊ីណូទាំង ៣ទីតាំងខាងលើ ដែលមានបើកសង្វៀនជល់មាន់ឲ្យចូលខ្លួនទៅកាន់ស្នងការដ្ឋាន នៅរសៀលថ្ងៃទី២ ខែកុម្ភៈខាងមុខ ដើម្បីពិនិត្យមើលច្បាប់ទម្លាប់។ ក្រោយពិនិត្យហើយបើអត់ច្បាប់នឹងមិនឲ្យបើកតទៅទៀតនោះទេ តែបើមានច្បាប់ក៏ដាក់បំរាមមិនឲ្យជនជាតិខ្មែរចូលលេងដែរ។
ប្រភពព័ត៌មានពីមាត់ច្រកទ្វារព្រំដែនត្រពាំងផ្លុង បានបង្ហើបឲ្យដឹងថា នៅព្រឹកមិញនេះ ខណៈសមត្ថកិច្ចយកលិខិតទៅប្រគល់ឲ្យម្ចាស់កាស៊ីណូនៅត្រពាំងផ្លុង ដើម្បីកោះហៅសួរនាំរឿងបើក សង្វៀនជល់មាន់នោះ ស្រាប់តែសង្វៀនជល់មាន់នៅអន្លង់ជ្រៃ មនុស្សម្នាដែលកំពុងលេងនាំគ្នារត់ប្រសេចប្រសាច ខ្លះចោលឡាន ខ្លះចោលម៉ូតូ ព្រោះតែម្នាក់ៗនឹកស្មានថាសមត្ថកិច្ចចុះបង្ក្រាប។ ក្នុងនោះតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃនេះ (ថ្ងៃទី២៩ ខែមករា) ដែលជាវេនគេបើកលេងនៅសង្វៀនកាស៊ីណូ GMG នោះ គឺគេមិនបានឃើញបើកបញ្ជល់ដូចសព្វដងនោះទេ មានន័យថាទំនងគេបិទហើយ ព្រោះទោះបីគេបើកលេងជ្រកក្រោមច្បាប់កាស៊ីណូក៏ពិតមែន តែអ្នកលេងភាគច្រើនមិនមែនជាជនជាតិបរទេសនោះទេ គឺជាជនជាតិខ្មែរចូលលេងជាង ៩០ភាគរយឯណោះ។
សូមជំរាបថា កន្លងមកប្រិយមិត្តអ្នកអានបានទូរស័ព្ទមកកាន់ការិយាល័យនិពន្ធ Fresh News សូមឲ្យនាយហ្វ្រេស ជួយផ្សាយពីល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយមួយថ្ងៃៗចាញ់ឈ្នះរាប់ម៉ឺន រាប់សែនដុល្លារ ហើយអ្នកលេងភាគច្រើនជាជនជាតិខ្មែរនៅក្នុងអតីតកាស៊ីណូ នាមាត់ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ប្រយោជន៍ឲ្យប្រមុខរាជរដ្ឋាភិបាល បានដឹងនិងមានវិធានការបង្ក្រាបផង បើមិនដូច្នេះទេពួកគាត់ក៏ដូចអ្នកខេត្តផ្សេងៗទៀត នឹងធ្លាក់ខ្លួនក្រដោយសារតែប្តី និងកូនចៅរបស់ពួកគាត់ញៀន តែរឿងទៅជល់មាន់ចាញ់អស់លុយហើយ ភ្លេចការងាររកស៊ីចិញ្ចឹមគ្រួសារថែមទៀត។
មិត្តអ្នកអានជាប្រជាពលរដ្ឋរស់នៅភូមិជីមាន់ ក្បែរផ្លូវចូលទៅច្រកទ្វារព្រំដែនត្រពាំងផ្លុង បានអះអាងថា ដោយសារតែគេឃុបឃិតគ្នា ឲ្យមានបើកល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយនៅតាមកាស៊ីណូ និងអតីតកាស៊ីណូហើយ អនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងនោះហើយ បានធ្វើឲ្យប្ដីរបស់គាត់មួយថ្ងៃៗញៀនតែទៅជល់មាន់ភ្នាល់ដាក់លុយ ទោះជាពេលខ្លះអត់លុយចាក់ភ្នាល់ក៏ទៅមើលគេជល់ដែរ ភ្លេចអស់ហើយការងាររកស៊ីធ្វើចំការចិញ្ចឹមប្រពន្ធកូន។ (សូមមើលរូបភាពខាងក្រោម)
ដូច្នេះពួកគាត់សំណូមពរសូមឲ្យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ចជួយមានវិធានការចុះទៅបង្ក្រាប ឲ្យដូចសម្ដេចបញ្ជាឲ្យបង្ក្រាបបទល្មើសព្រៃឈើ ឈ្មួញដឹកយកទៅលក់នៅប្រទេសវៀតណាម ចេញតាមច្រកខេត្តត្បូងឃ្មុំផង ជាពិសេសអាជ្ញាធរសមត្ថកិច្ចខេត្តត្បូងឃ្មុំតែម្ដង៕