(កំពង់ចាម)៖ ថ្ងៃបើកសាលារៀនឡើងវិញក្រោយបិទអស់រយៈពេល៦ខែ ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងចែកសម្ភារការពារជំងឺកូវីដ-១៩ ដល់សិស្សានុសិស្សនៅវិទ្យាល័យព្រះសីហនុ និងវិទ្យាល័យទាំងអស់ ក្នុងក្រុងកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងថា ក្នុងការអនុញ្ញាតឱ្យសិស្សចូលរៀនក្នុងដំណាក់កាលទី២ មានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ របស់ក្រសួងអប់រំយុវជន និងកីឡានាពេលនេះសូមលោកគ្រូ អ្នកគ្រូត្រូវគិតគូរអំពីបញ្ហាសុខភាពទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពោលគឺពេលមកបង្រៀនអ្នកគ្រូ លោកគ្រូ និងសិស្ស ត្រូវអនុវត្តពាក់ម៉ាសការពារទាំងអស់គ្នា ហើយបើមានការខ្វះខាតសូមរាយការណ៍មកអាជ្ញាធរក្រុង ដើម្បីផ្ដល់ជូនបន្ថែម។
លោលោក អ៊ុន ចាន់ដា ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូសូមជួយរៀបចំកន្លែងអង្គុយឱ្យមានគម្លាតពីសិស្សម្នាក់ ទៅម្នាក់ទៀត ចម្ងាយ ១ម៉ែត្រកន្លះ ឱ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជំរុញឱ្យសិស្សឧស្សាហ៍លាងដៃជាមួយអាល់កុល ឬសាប៊ូជាប្រចាំ មុនពេលចូលរៀន ក្នុងនោះដែរប្រសិនបើលោកគ្រូ អ្នកគ្រូឆែកមើលសុខភាពសិស្សណាមានអាការៈមិនស្រួលសូមប្រញាប់ទំនាក់ទំនងទៅកាន់គ្រូពេទ្យជាបន្ទាន់។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្តបានជំរុញឱ្យខាងសាលាបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យសិស្សឱ្យបានឆាប់រហ័សដែលក្នុងនោះតម្រូវឱ្យមានសំណាងរបស់សាលា និងអាជ្ញាធរសង្កាត់ និងក្រុមគ្រូពេទ្យ ១នាក់ផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននាពេលនោះមាន៖ វិទ្យាល័យព្រះសីហនុ ទទួលបានម៉ាស ១០០០, អាល់កុល ២កាន, វិទ្យាល័យដីដុះ ទទួលបានម៉ាសចំនួន៥០០ និងអាល់កុល១កាន, វិទ្យាល័យសំបួរមាស ទទួលបានម៉ាសចំនួន៥០០ អាល់កុល១កាន, វិទ្យាល័យបឹងកុក ទទួលបានម៉ាសចំនួន៥០០ អាល់កុល១កាន, វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ម៉ាសចំនួន៥០០ អាល់កុល១កាន និងអនុវិទ្យាល័យទួលថ្ម ទទួលបានម៉ាសចំនួន ៥០០ និងអាល់កុល ១កានផងដែរ៕