(កំពង់ឆ្នាំង)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ជាពុទ្ធបរិស័ទដ៏ប្រសើរមួយរូប បានបំពេញសទ្ធាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តកុលម្ពវ័ន (ហៅវត្តតាកុល) និងវត្តពានី ស្ថិតក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅវេលាព្រឹកថ្ងៃ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា គ.ស ២០២០។
អញ្ជើញចូលរួមបំពេញសទ្ធាជាមួយសម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីបុណ្យនាឱកាសនោះ រួមមានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង លោក សាយ បូរិន សមាជិកព្រឹទ្ធសភា លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លោក កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង លោក ហ៊ី វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក យ៉ី ធន់ លោក ជ័យ ចាប លោក ប៉ែន សំបូរ ទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងមន្ត្រីរាជការក្រសូងព្រះបរមរាជវាំងជាច្រើនរូបទៀត។
ក្នុងឱកាសនោះ មានការទទួលស្វាគមន៍ចំពោះវត្តមានសម្តេចចៅហ្វាវាំង ពីសំណាក់លោក ឈួ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២នេះផងដែរ។
គួររំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យដ៏ធំមួយកើតមានឡើងតាំងពីក្នុងសម័យកាល ដែលព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើងទ្រង់គង់នៅម៉្លេះ។ អាស្រ័យដោយបុណ្យភ្ជុំបិណ្ឌ បាននាំមកនូវផល្លាអនិសង្សដ៏ថ្លៃថ្លាជាច្រើនប្រការទើប ពុទ្ធបរិស័ទគ្រប់ជំនាន់ខិតខំរួមគ្នាថែរក្សាតាំងពីសម័យបុព្វកាល អាស្រ័យដោយពិធីបុណ្យដ៏ប្រពៃនេះ នាំមកនូវសាមគ្គីធម៌ដ៏ប្រសើរទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ ការជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿង។
ម្យ៉ាងវិញទៀត ចំពោះបុគ្គលទាំងឡាយណាដែលបានបំពេញកុសលផលបុណ្យក្នុងសទ្ធាដ៏បរិសុទ្ធជ្រះថ្លាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បុគ្គលទាំងនោះបានប្រកបទៅដោយកុលបុត្រកុល ធីតាមានសេចក្តីកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតា និងអ្នកដែលមានគុណទាំងឡាយ ប្រសិនបើមាតាបិតា ឬអ្នកមានគុណរបស់លោកបានចែកឋានទៅកាន់លោកខាងមុខ ហើយនោះវិញ្ញាណក្ខ័ន្ធរបស់លោកនឹងបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ព្រមទាំងបានជួយថែរក្សាដល់កូនចៅឲ្យបានជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ប្រការ។
ក្នុងកម្មវិធីបន្តនៃពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅទីអារាមទាំងពីរនេះ សម្តេចចៅហ្វាវាំង គង់ សំអុល និងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំក្នុងស្ថាប័នពាក់ព័ន្ធ ដែលមានសេចក្តីជ្រះថ្លាបំពេញកុសលផលបុណ្យជាមួយសម្តេចចៅហ្វាវាំងក្នុងឱកាសនោះ បានអញ្ជើញប្រគេនចង្ហាន់ ផ្លែឈើ លៀង ទេយ្យទាន និង បវរណាចតុបច្ច័យប្រគេនព្រះអនុគណស្រុកកំពង់ត្រឡាច ព្រមទាំងព្រះមន្ត្រីសង្ឃគង់នៅវត្តពានីមានចំនួន ២០ព្រះអង្គ និងប្រគេនចង្ហាន់ ផ្លែឈើ ទេយ្យទាន បវរណាចតុបច្ច័យប្រគេន ព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃគង់នៅវត្តកុលម្ពវ័ន (ហៅវត្តតាកុល) មានចំនួន ១៨ព្រះអង្គ។ ក្រៅពីនេះ បានប្រគេនគ្រឿងបរិក្ខារបច្ច័យសម្រាប់វត្តទាំង ២ ក្នុងវត្តនីមួយៗ មានអង្ករចំនួន ៣០០គីឡូក្រាម ទឹកបរិសុទ្ធចំនួន ១០កេស ទឹកក្រូចចំនួន ១០កេស មីចំនួន ១០កេស ក្នុង១កេសស្មើ ៣០កញ្ចប់ ត្រីខកំប៉ុងចំនួន ១០យួរ ក្នុង ១យួរ ស្មើ ១០កំប៉ុង និងបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានា ក្នុងទីអារាមនីមួយៗចំនួន ៥,៥៥០,០០០រៀល។
សូមឧទ្ទិសនូវព្រះកុសលផលបុណ្យកើតឡើងពីសេចក្តីជ្រះថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំក្នុងក្រសួង ស្ថាប័ន ដែលមានវត្តមានក្នុងពិធីបុណ្យកាន់បិណ្ឌដ៏ប្រពៃនេះជូនដល់វិញ្ញាណក្ខ័ន្ធ បុព្វការីជន មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងញាត្តិការទាំង៧សន្តានរបស់លោក ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕