(ភ្នំពេញ)៖ ដើម្បីចូលរួមការពារ សុខមាលភាព ប្រជាពលរដ្ឋ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូប អាហារដល់អាជីវករ និងអ្នកប្រើប្រាស់នោះ មន្រ្ដីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ  បានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ និងផលិតផលនៅតាមទីផ្សារ ផ្សារទំនើប និងតាមកន្លែងលក់គ្រឿងសមុទ្រ ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងការចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញនៅតាមទីផ្សារ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ លោក ទី រ៉ូនី ប្រធាន សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានបញ្ជាក់ថា ការចុះអង្កេតនេះ បានផ្ដោតសំខាន់ ទៅលើផលិតផលទំនិញជាគ្រឿងឧបភោគ បរិភោគ ម្ហូបអាហារគ្រឿងសមទ្រ ពិសេសស្ករត្នោត ក្នុងគោលដៅណែនាំ អប់រំ និងទប់ស្កាត់ការចរាចរនូវទំនិញ ម្ហូបអាហារមិនប្រក្រតី ដូចជាទំនិញ ខូចគុណភាព និងផុតកំណត់រយៈ ពេលប្រើប្រាស់ ដើម្បីធានានូវសុវត្ថិភាពជូនអ្នកប្រើប្រាស់។

លោកបានបន្ដថា មន្រ្ដីកាំកុងត្រូល បានចុះអនុវត្ដន៍ការងារត្រួតពិនិត្យលើមុខទំនិញ ជាប់ជាប្រចាំក្នុងគោលដៅ ស្វែងរកមើលលើបញ្ហាអនាម័យ ការដាក់តាំងលក់ទំនិញ ម្ហូបអាហារ និងនំចំណីដែលមិន មានការដាក់កាលបរិច្ឆេទ និងអនាម័យបានត្រឹមត្រូវ។

លោកបានលើកឡើងថា តាមការពិនិត្យមើលជាក់ស្ដែងលើផលិតផល ម្ហូបអាហាររួចមកបង្ហាញថា ទំនិញភាគច្រើនអាជីវករមានការយល់ដឹង និងដាក់លក់បានត្រឹមត្រូវ ស្របតាមលក្ខណៈបច្ចេកទេស ដែលមន្រ្ដីកាំកុងត្រូល បានចុះធ្វើការណែនាំកន្លងមក។

លោកប្រធានសាខាបានអះអាងថា ប្រសិនបើការចុះត្រួតពិនិត្យលើកក្រោយអាជីវករ ឬអ្នកលក់ដូរ នៅតែបន្ដ ដាក់លក់ផលិតផល ម្ហូបអាហារ និងទំនិញដែលផុតសុពលភាពប្រើប្រាស់ ឬខូចគុណភាពនោះ មន្រ្ដី កាំកុងត្រូល នឹងធ្វើការដកហូត និងឈានទៅចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ក៏អំពាវនាវដល់អាជីវករ និងម្ចាស់អាជីវកម្មទាំងអស់ សូមឱ្យគោរព ទៅតាមច្បាប់តម្រូវឱ្យមានការបញ្ជាក់ឈ្មោះមុខទំនិញ អាស័យដ្ឋានអ្នកផលិត ប្រភព បរិមាណ ចំណុះ លេខឡូតិ៍  ថ្ងៃផលិត ថ្ងៃផុតកំណត់នៃការប្រើប្រាស់គ្រឿងផ្សំ វិធីប្រើ លិខិតអនុញ្ញាតរបស់ស្ថាប័ន មានសមត្ថកិច្ចមុនដាក់ឱ្យ ចរាចរនៅលើទីផ្សារ៕