(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តតាមបង្ក្រាបជាក់ស្ដែងករណីវិធានញុះញុង រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ធំល្មម ម៉ូតូ១គ្រឿង រថយន្ដ១គ្រឿង និងទូរស័ព្ទដៃ ចំនួន២គ្រឿងផ្សេងទៀត។
នេះបើតាមការបញ្ជាក់ជារបាយការណ៍របស់លោកវរសេនីយ៍ឯក រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ដែលបានរាយការជូនឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងគោរពជូនឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលអ្នកយកព័ត៌មានអង្គភាព Fresh News លោក ហាស់ កំសាន្ដ ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។
ក្នុងរបាយការណ៍របស់លោកវរសេនីយ៍ឯក រ៉ឹម ម៉ិច បញ្ជាក់ថា ដោយបានការអនុញ្ញាតតាមរយៈទូរស័ព្ទពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះអនុវត្តវិធានញុះញង់បង្ក្រាបជាក់ស្ដែងករណីជួញដូរគ្រឿងញៀន នូវជុំហ៊ានដំបូងឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយដកហូតបានថ្នាំញៀន១កញ្ចប់ធំល្មម រថយន្ដ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង ស្ថិតនៅចំណុចផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាវេលាម៉ោង១៨៖១០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០។
របាយការណ៍របស់លោកវរសេនីយ៍ឯក រ៉ឹម ម៉ិច បញ្ជាក់ទៀតថា បន្ទាប់ពីអនុវត្តវិធានញុះញង់ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់, កម្លាំងរបស់ការិយាល័យបានបន្តស្រាវជ្រាវភ្លាមៗតាមជុំនាញ រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់បន្ថែមទៀត ហើយដកហូតបានម៉ូតូ១គ្រឿង ស្ថិតនៅចំណុចផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍ដដែលរបស់លោកវរសេនីយ៍ឯក នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងការិយាល័យឃាត់ខ្លួនបានជាក់ស្ដែង តាមការអនុវត្តវិធានញុះញង់ករណីជួញដូរគ្រឿងញៀនទី១-ឈ្មោះ កុត សារ៉េន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៉ី ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យទី២។ ឯបក្ខពួកម្នាក់ទៀតឈ្មោះ វ៉ន ឯម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅក្នុងឃ្លាំងអេតចាយមួយកន្លែង ក្នុងភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
យ៉ាងណាក៏ដោយ បើតាមរបាយការណ៍ ពេលនេះជនសង្ស័យទាំង២នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធសកម្មភាពញុះញង់ជួញដូរគ្រឿងញៀនទាំងឡាយ កំពុងស្ថិតក្រោមការសាកសួរនៅការិយាល័យជុំនាញ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនិតិវិធី៕