(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (Asia-EuropeMeeting-ASEM) តំណាងដោយកម្ពុជាជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ សហភាពអឺរ៉ុប និងអាល្លឺម៉ង់ជាស្ថាប័ន/ប្រទេសសម្របសម្រួលក្រុមអឺរ៉ុប សិង្ហបុរីជាប្រទេសសម្រួលក្រុមអាស៊ាន និងរុស្ស៊ីជាប្រទេសសម្របសម្រួលក្រុមប្រទេសអាស៊ីភាគឦសាន និងអាស៊ីខាងត្បូងបានអនុម័តសេចក្ដីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបស្ដីពីជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីថ្លែងការណ៍នេះ ឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់បណ្តាប្រទេសដៃគូ ASEM ដើម្បីឆ្លើយតបដ៏សមស្របទៅនឹងបញ្ហាប្រឈមបង្កឡើងដោយជំងឺឆ្លងកូវីដ-១៩។
រដ្ឋមន្រ្តីទទួលស្គាល់ថាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩នេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិរួមគ្នាសកម្មភាពដែលមានប្រសិទ្ធភាពរបស់បណ្តាអង្គការអន្តរជាតិនានា និងការគាំទ្រពហុភាគីនិយមពីសំណាក់ដៃគូ ASEM ដោយឈរលើគុណតម្លៃនិងគោលការណ៍របស់អង្គការសហប្រជាជាតិ។
រដ្ឋមន្រ្តីបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តធ្វើការរួមគ្នាចែករំលែកបទពិសោធន៍ឧត្តម្មានុវត្តន៍ និងព័ត៌មានដោយសេរីមានទំនួលខុសត្រូវតម្លាភាពនិងទាន់ពេលវេលា ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺឆ្លងនេះ ឱ្យបានច្បាស់លាស់និងមានប្រសិទ្ធភាព។
រដ្ឋមន្រ្តីបានបញ្ជាក់ពីសារៈសំខាន់នៃបរិយាកាសមួយដែលបើកចំហសេរីយុត្តិធម៌ និងមិនមានការរើសអើង ដែលផ្តល់នូវស្ថានភាពស្មើភាពមិនលំអៀង មានតម្លាភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ពាណិជ្ជកម្មនិងការវិនិយោគ។
ក្នុងដំណាក់កាលក្រោយជំងឺឆ្លងនេះ រដ្ឋមន្រ្តីប្តេជ្ញាពន្លឿនការស្តារឡើងវិញ នៃសេដ្ឋកិច្ចសង្គមឱ្យប្រកបដោយចីរភាពជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងភាពធន់ផ្នែកហិរញ្ញវត្ថុព្រមទាំងកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា ពីលទ្ធភាពនាំទៅរកឱនភាពសេដ្ឋកិច្ចសកលតាមរយៈការស្តារកំណើនសេដ្ឋកិច្ចវិនិយោគការតភ្ជាប់ដោយចីរភាពទស្សនកិច្ចធុរកិច្ច និងទេសចរណ៍ឡើងវិញព្រមទាំងរក្សាស្ថិរភាពទីផ្សារ។
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កម្ពុជាផ្តល់សារសំខាន់យ៉ាងខ្លាំង ដោយប្រកាន់ភ្ជាប់នូវវឌ្ឍនភាពនៃដំណើរការ ASEM ក៏ដូចជារក្សាមុខមាត់ និងភាពពាក់ព័ន្ធរបស់ ASEM។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ដៃគូ ASEM ទាំងអស់កម្ពុជា បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូជាបន្តបន្ទាប់មានជាអាទិ៍កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបចំនួន០១លើក និងកិច្ចប្រជុំឧត្តមមន្ត្រីនៃប្រទេសសម្របសម្រួល ASEM ចំនួន០៣ លើក ដើម្បីសម្រេចបាននូវលទ្ធផល នៃសេចក្តីថ្លែងការណ៍នេះស្របតាមស្មារតីនៃភាពជាដៃគូស្មើភាពនិងកុងសង់ស៊ីសរបស់ ASEM។
កម្ពុជាសូមសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះដៃគូ ASEM ទាំងអស់ ដែលបានផ្តល់កិច្ចសហការចេញសេចក្តីថ្លែងការណ៍ថ្នាក់រដ្ឋមន្រ្តីការបរទេស ASEMនេះ ដែលអត្ថបទទាំងមូលដូចមានជូនភ្ជាប់៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖