(ព្រៃវែង)៖ បុរសវ័យចំណាស់ម្នាក់ គ្រាន់តែមានអាការៈក្ដៅខ្លួន ចុកពោះ ឈឺក្រពះបន្តិចបន្ទួច ហើយប្រពន្ធឌុបតាមម៉ូតូ ទៅពិនិត្យនឹងពិគ្រោះជំងឺនៅគ្លីនិក និងសម្ភព «ឈី សម្ភ័ស» នៅផ្លូវជាតិលេខ៨ ខាងកើតវង្វង់មូលស្វាយអន្ទរ ប្រហែល២៥០ម៉ែត្រ ស្ថិតនៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្រាប់តែបាន១ថ្ងៃ ក៏ប្រតិកម្មថ្នាំស្លាប់ ខណៈគ្រូពេទ្យអះអាងថាមកពីអួលបាយ។
អ្នកស្រី សឿ ភាព អាយុ៤៥ឆ្នាំ រស់នៅភូមិស្វាយគន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឲ្យដឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ប្ដីរបស់គាត់ឈ្មោះ មួង ពុំ អាយុ៧២ឆ្នាំ។ លោកស្រីបន្តថា នៅមុនពេលទៅព្យាបាល ប្ដីគាត់គ្រាន់តែមានអាការៈក្ដៅខ្លួន ចុកពោះ ឈឺក្រពះបន្តិចបន្ទួចប៉ុណ្ណោះ។ លុះដល់ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ អ្នកស្រីនិងប្ដី បានជិៈម៉ូតូឌុបគ្នាទៅពិគ្រោះ និងព្យាបាលជំងឺនៅគ្លីនិកត្រង់ចំណុចខាងលើ។
«ពេលទៅដល់គ្រូពេទ្យបានពិនិត្យថតអេកូ រួចវិនិច្ឆ័យថា ប្ដីអ្នកស្រីរលាក ក្រពះ និងរលាក ទងប្រម៉ាត់»។ នេះបើតាមអ្នកស្រី សឿ ភាព។
ប្រភពបានបន្តថា គ្រូពេទ្យបានឱ្យប្ដីអ្នកស្រីសម្រាកនៅគ្លីនិក ហើយបានរៀបចំថ្នាំចាក់ផង លេបផង និងដាក់សេរ៉ូមផងជាបន្តបន្ទាប់ បណ្ដាលឱ្យអាការៈអ្នកជំងឺធ្វើទុក្ខធ្ងន់ទៅៗ។ រហូតល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ដោយឃើញអាការៈ អ្នកជំងឺធ្វើទុក្ខខ្លាំងធ្ងន់ធ្ងរលែងដឹងខ្លួន សន្លប់បាត់បង់ស្មារតី ក៏ដាច់ខ្យល់ស្លាប់ទៅ។
បន្ទាប់មក ក្រុមគ្រូពេទ្យសម្រេចដឹកអ្នកជំងឺចេញពីគ្លីនិក ដើម្បីគេចពីការទទួលខុសត្រូវ។ លុះដល់ខេត្តព្រៃវែង គ្រូពេទ្យនៅទីនោះប្រាប់ថា ជួយមិនបានទេអ្នកជំងឺស្លាប់បាត់ហើយ ទើបក្រុមគ្រួសារដឹកសពមកធ្វើបុណ្យនៅផ្ទះតែម្ដង។
អ្នកស្រីបន្ថែមថា ក្រោយពេលប្ដីអ្នកស្រីស្លាប់ខាងគ្លីនិក និងសម្ភព «ឈីសម្ភ័ស» បានប្រគល់លុយជូនអ្នកស្រីចំនួន ១,០០០,០០០រៀល ដើម្បីលើកទឹកចិត្ត និងចូលបុណ្យសព ដោយមិនយកថ្លៃព្យាបាល។
ឆ្លើយតបនឹងការលើកឡើងខាងលើគ្លីនិក និងសម្ភព «ឈី សម្ភ័ស» បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ខាងគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសហើយ រីឯអ្នកជំងឺស្លាប់ គឺដោយសារអួលបាយ ពេលប្រពន្ធរបស់អ្នកជំងឺបញ្ចុកបបរ។
ចំណែកលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ៕