(ពោធិ៍សាត់)៖ ជនសង្ស័យធ្វើសកម្មភាពប្លន់នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៨ នៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ហើយគេចខ្លួនមករស់នៅចំណុចអូររំចេក ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ៨៖០៦នាទី ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ រឿង និមល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើឡើងដោយអនុវត្តតាមដីការបង្គាប់ឱ្យចាប់ខ្លួន លេខ៣៦៥ បទខ ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០០៩ របស់ចៅក្រមស៊ើបសួរ នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង។

លោកអធិការបានបន្តថា ដោយទទួល បានដីការចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចតាមប្រមាញ់ ស្វែងរកជនល្មើសអស់រយ:ពេលជាង១២ឆ្នាំ ទម្រាំចាប់ខ្លួនជនសង្ស័យឈ្មោះ រឿង និមល នេះបាន។

ក្រោយពីនគរបាលស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បាន កសាងសំណុំរឿងបញ្ជូនឲ្យកម្លាំងជំនាញស្រុករតន:មណ្ឌល ខេត្តបាត់ដំបងមកទទួលយកទៅចាត់ការតាមនិតិវិធីបន្ត៕