(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានផ្តាំផ្ញើគ្រូបង្រៀនត្រូវគិតពីសុវត្ថិភាពសិស្ស ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល តាមរយៈការក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាក្រសួងសុខាភិបាល អំឡុងពេលបើកសាលារៀនឡើងវិញ។
ការផ្តាំផ្ញើនេះបានធ្វើឡើងនារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសលោកចុះពិនិត្យមើលសិស្សានុសិស្ស នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម
និងផ្ដល់អំណោយ ជាសម្ភារសម្រាប់ការពារជំងឺឆ្លងកូវីដ១៩ គ្រប់ទាំង៦ វិទ្យាល័យក្នុងក្រុងកំពង់ចាម។
លោកអភិបាលខេត្តបានថា ក្នុងការអនុញ្ញាតឲ្យសិស្សចូលរៀនក្នុងដំណាក់កាលទី២ មានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ របស់ក្រសួងអប់រំយុវជន និងកីឡា នាពេលនេះ សូមលោកគ្រូ អ្នកគ្រូ ត្រូវគិតគូរអំពីបញ្ហាសុខភាពទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពោលពេលមកបង្រៀនអ្នកគ្រូ លោកគ្រូ និងសិស្ស ត្រូវអនុវត្តពាក់ម៉ាសការពារទាំងអស់គ្នា ហើយបើមានការខ្វះខាត សូមរាយការណ៍មកអាជ្ញាធរក្រុង ដើម្បីផ្ដល់ជូនបន្ថែម។
លោកបានណែនាំដល់លោកគ្រូ អ្នកគ្រូទៀតថា «សូមជួយរៀបចំកន្លែងអង្គុយឲ្យមានគម្លាតពីសិស្សម្នាក់ ទៅម្នាក់ទៀត ចម្ងាយ ១ម៉ែត្រកន្លះ ឱ្សស្របតាមការណែនាំរបស់ក្រសួង និងជំរុញឲ្យសិស្សឧស្សាហ៍លាងដៃ ជាមួយអាកុល ឬសាប៊ូជាប្រចាំ មុនពេលចូលរៀន។ ក្នុងនោះដែរប្រសិនបើលោកគ្រូ អ្នកគ្រូឆែកមើលសុខភាពសិស្សណាមានអាការៈមិនស្រួល ប្រញាប់ទំនាក់ទំនងទៅកាន់គ្រូពេទ្យជាបន្ទាន់»។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននាពេលនោះ រួមមាន៖
* វិទ្យាល័យព្រះសីហនុ ទទួលបានម៉ាស ១០០០ អាកុល២កាន
* វិទ្យាល័យដីដុះ ទទួលបានម៉ាសចំនួន ៥០០ និងអាកុល១កាន
* វិទ្យាល័យសំបួរមាស ទទួលបានម៉ាស់ចំនួន៥០០ អាកុល១កាន
* វិទ្យាល័យបឹងកុក ទទួលបានម៉ាស់ នួន ៥០០ អាកុល១កាន
* វិទ្យាល័យហ៊ុនសែនកំពង់ចាម ម៉ាស់ ចំនួន ៥០០ អាកុល១កាន និងទី៦ អនុវិទ្យាល័យទួលថ្ម ទទួលបានម៉ាសចំនួន ៥០០ និងអាកុល១កានផងដែរ៕