(ភ្នំពេញ)៖ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ សហការជាមួយអាជ្ញាធរ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹក ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយទៀត ដែលបាក់ជា២កំណាត់ នៅជាប់ទន្លេ មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ប្រាប់មកបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកច័ន្ទទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រតិបតិ្តការ បោសសំអាតគ្រាប់ ដើម្បីសុវត្ថិភាព នៅការដ្ឋានមាត់ទន្លេ ខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរកឃើញតោថ្មចំនួនមួយទៀត ដែលបាក់ជា២កំណាត់»។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ បានរកឃើញ រូបចម្លាក់តោថ្មដ៏ធំមួយ ដែលត្រូវបានជីកឃើញ ក្នុងដីជម្រៅជាច្រើនម៉ែត្រ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបញ្ជាក់អំពីប្រវត្តិតោថ្មនេះថា មានអាយុកាលប៉ុន្មានឆ្នាំ ឬកប់ក្នុងដីតាំងពីពេលណា ក៏មិនទាន់ដឹងនោះដែរ៕