(ប៉ៃលិន)៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ប័ណ្ណសមធម៌ ដែលជាកម្មវិធីផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល បានលើកឡើងថា ប័ណ្ណសមធម៌ ដែលបានចេញឱ្យប្រើប្រាស់ទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមានអត្ថប្រយោជន៍ និងសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ នូវកម្មវិធីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ក្នុងអំឡុងជួបវិបត្តិកូវីដ-១៩នេះ ដោយគ្រួសារខ្លះមិនអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃបាន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សាច់ប្រាក់ដែលទទួលបាន តាមរយៈប័ណ្ណសមធម៌ គឺមិនមានការកាត់សូម្បីតែមួយកាកមួយសេនពីបងប្អូនឡើយ គឺរាល់សេវាទាំងអស់ជាបន្ទុករបស់រដ្ឋ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋទៅបើកប្រាក់នៅក្រុមហ៊ុនវីងវេលុយ (Wing) គឺទទួលបានប្រាក់គ្រប់ចំនួន ឧទារហណ៍៖ ប្រសិនបើទទួលបាន ២០ម៉ឺនរៀល គឺត្រូវបាន២០ម៉ឺនរៀល ដូច្នេះមិនមានកាត់សេវាអ្វីទាំងអស់ ប្រសិនបើមានការកាត់ថ្លៃសេវា សូមបងប្អូនរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើដោះស្រាយជាបន្ទាន់ផងដែរ។
លោក ផាន់ ចាន់ធុល បានឱ្យដឹងថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅតែជាការព្រួយបារម្ភ មិនទាន់ស្រាកស្រាននៅឡើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់មិនត្រូវភ្លេចខ្លួន ហើយបន្តថែរក្សាអនាម័យសុខភាពជាប្រចាំ ដោយលាងដៃជាមួយអាល់កុលឬសាប៊ូអោយបានញឹកញាប់ ទៅណាមកណាត្រូវពាក់ម៉ាស់ជានិច្ច ជាពិសេស ត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗជាដើម ត្រូវអប់រំកូនចៅ និងខ្លួនឯងជាសចាកឆ្ងាយពីគ្រឿងញៀន។
បើតាមរបាយការណ៍របស់លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្តប៉ៃលិន ប័ណ្ណសមធម៌ដែលប្រគល់ជូនដល់ប្រជាពលរដ្ឋ ជំហ៊ានទី៣ នាពេលនេះ គឺមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ហើយបានរកឃើញប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ដែលត្រូវទទួលប័ណ្ណសមធម៌ សរុបមានចំនួន ៣២១នាក់ ក្នុងនោះប្រភេទ ក្រ១ ចំនួន ១០៨នាក់ និងប្រភេទ ក្រ២ ចំនួន ២១៣នាក់៕