(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា សព្វថ្ងៃនេះ តម្លៃសារព័ត៌មានបានធ្លាក់ចុះ ដោយសារតែសកម្មភាព ដែលបង្កឡើងពីអ្នកសារព័ត៌មានដែលគ្មានវិជ្ជាជីវៈមួយចំនួន ហើយមូលហេតុនេះក៏ធ្វើឲ្យអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈបាត់បង់តម្លៃផងដែរ។
លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ ដល់អ្នកកាសែត ជ័យលាភី ក្នុងការ ប្រឡងសរសេរអត្ថបទសារព័ត៌មាន ក្នុងបរិបទកូវីដ-១៩ ដែលត្រូវបានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះយើងដឹងហើយថា តម្លៃអ្នកសារព័ត៌មានយើងមួយចំនួនធ្លាក់ចុះ ដោយសារតែអ្នកព័ត៌មាន ឥតវិជ្ជាជីវៈ។ គាត់រញ៉ែរញ៉ៃច្រើន ធ្វើឲ្យយើងជាអ្នកមានវិជ្ជាជីវៈធ្លាក់ចុះ»។
ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ក្លិបអ្នកកាសែតកម្ពុជាផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីឲ្យមានអ្នកព័ត៌មានវិជ្ជាជីវៈច្រើន ដែលបានគិតគូរពីសង្គម។ លោកក្រើនរំលឹកថា អ្នកសារព័ត៌មានវិជ្ជាជីវៈ មិនមែនជាអ្នកសារព័ត៌មានចាំតែចម្លងគេ និងចេះតែជេរគេនោះទេ។
ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ លោក ខៀវ កាញារីទ្ធ បានទាញចំណាប់អារម្មណ៍ថា បរិបទនេះបង្ហាញឲ្យឃើញពីប្រទេសនានា លើពិភពលោកសុទ្ធតែអាត្មានិយម។ លោកថា ប្រទេសនានាបានក្លាយជាបុគ្គលនិយម មិនរួបរួមគ្នាក្នុងការរកវិធីសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ឡើយ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកថា កាលពីអតីតកាល ពេលកើតជំងឺសារ និងជំងឺអេដស៍ ពិភពលោកបានរួមគ្នាយ៉ាងល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះ។ ផ្ទុយមកវិញ សម្រាប់ជំងឺកូវីដ១៩ ប្រទេសនានាគិតតែពីប្រឹងរកវ៉ាក់សាំង ឲ្យបានលឿនជាងប្រទេសដទៃ ហើយនេះបណ្តាលមកពីពួកគេគិតលុយជាធំ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ បានកោតសរសើរប្រជាពលរដ្ឋកម្ពុជា ដែលបាននិងកំពុងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលយ៉ាងល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។ លោកក៏អរគុណ ដល់ប្រជាពលរដ្ឋ ដែលបានជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ទើបធ្វើឲ្យកម្ពុជា មិនមានអ្នកសារស្លាប់ដោយសារវាឡើយ។
ដោយឡែក លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឡើងថ្លែងចំណាប់អារម្មណ៍ថា អ្នកព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកជួរមុខ ក្នុងការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដោយមិនខ្លាចនឿយហត់ឡើយ។ លោកចាត់ទុកថា នេះជាសកម្មភាពដ៏ល្អ សម្រាប់សង្គមទាំងមូល៕