(បន្ទាយមានជ័យ)៖ ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអះអាងថា ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ទទួលបានតំណែងជាស្នងការនេះ មិនមែនជាតំណែងធ្លាក់ពីលើមេឃនោះទេ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា តំណែងជំនួសឧត្តមសេនីយ៍ទោ អាត់ ខែម នេះគឺជាមុខតំណែងបានដោយការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ពិសេសការការពារប្រជាពលរដ្ឋឲ្យរស់នៅបានសេចក្តីសុខ នៅតាមមូលដ្ឋានរបស់មន្ត្រីនគរបាលជាតិ កន្លងមកផងដែរ។
ទន្ទឹមគ្នានេះ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវខិតខំការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋានក្រុង ស្រុកឲ្យបានសេចក្តីសុខល្អបន្ថែមទៀត។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា កម្លាំងនគរបាលទាំងអស់ត្រូវចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ នៅតាមទីប្រជុំជនចាត់តាំងកម្លាំងជំនាញ ចុះស្រាវជ្រាវរុករកមុខ សញ្ញាជនល្មើសផ្សេងៗ និងត្រូវអនុវត្តបង្ការ បង្រ្កាប និងធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ បង្រ្កាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋានក្រុង ស្រុក រៀងៗខ្លួនឲ្យជាប្រចាំ។
នាយឧត្តមសេនីយ៍អគ្គស្នងការ បានសង្កត់ធ្ងន់ទៀតថា កម្លាំងនគរបាលត្រូវពង្រឹងកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការឲ្យបានល្អប្រសើរផងដែរ ពិសេសរឿងផ្ទៃក្នុងរបស់នគរបាលជាតិ ជារឿងសំខាន់ណាស់៕