(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយមេបញ្ជាការរង នាយការិយាល័យជាច្រើនរូបទៀតនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយមានថវិកា និងសម្ភារចែកជូនមន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍ របួស ពិការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់មន្ត្រី និងពលអាវុធហត្ថគ្រប់ៗរូបពិសេសមន្ត្រី និងពលអាវុធហត្ថចូលនិវត្តន៍ក៍ដូចជាមន្ត្រី និងពលអាវុធហត្ថរងរបួស ពិការក្នុងការបំពេញភារកិច្ចកន្លងមកផងដែរ។
ក្នុងនាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងនូវការដឹងគុណ និងកោតសរសើរជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់មន្ត្រី និងពលអាវុធអាវុធហត្ថដែលបានចូលនិវត្តន៍ និងរងរបួសពិការ ដែលកន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការចូលរួមចំណែករក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម បានយ៉ាងល្អប្រសើរជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
ដើម្បីឆ្លើយតបចំពោះគំរូវីរៈភាពដ៏អង់អាចក្លាហាននេះ ស្របពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងប្រារព្វធ្វើពិធីបុណ្យភ្ជុំបិណ្ឌផងនោះ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានឧបត្ថម្ភមន្ត្រីអាវុធហត្ថចូលនិវត្តន៍ របួស ពិការ ក្នុងម្នាក់ថវិកា ២០មុឺនរៀល អង្ករ ៥០គីឡូក្រាម ទឹកផ្លែឈើ ២កេស ទឹកសុទ្ធ២កេស និងមី២កេស ផងដែរ៕