(ស្វាយរៀង)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយខេត្តស្វាយរៀង ពីតំបន់សមរភូមិក្តៅ និងតំបន់ខ្លះនៅអសន្តិសុខ មកជាខេត្តមួយដែលពោរពេញទៅដោយសក្តានុពល វិនិយោគរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសតូចធំ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង មន្ទីរពេទ្យ វត្តអារាម និងសាលារៀនជាដើម។
ការបញ្ជាក់បែបនេះរបស់លោករីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតយុទ្ធជនចំនួន ៤០០គ្រួសារ រស់នៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។
ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេចទាំងទេ្វតែងតែគិតគូរដល់សុខទុក្ខអតីតយុទ្ធជននៅទូទាំងប្រទេស ដែលបានចូលរួមចំណែករំដោះថែរក្សាការពារប្រជាជនកម្ពុជាកន្លងមក។
លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ ពីដំណាក់ កាលដ៏សែន ស្មុគស្មាញរហូតទួលបាននូវសុខសន្តិភាព និងសម្រេចបានសមិទ្ធផលធំៗជាប្រវតិ្ដសាស្រ្ដប្រកបដោយជោគជ័យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជោគជ័យទាំងអស់នេះ ក៏មិនអាចកាត់ផ្ដាច់បានពីគុណបំណាច់ និងស្នាដៃនៃការចូលរួមចំណែករបស់អតីតយុទ្ធជន ដែលមានវត្ដមាននៅទីនេះដែរ។
ទន្ទឹមនោះផងដែរ សម្តេចបានយកចិត្ដទុកដាក់ និងគិតគូរអំពីរបបសន្ដិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ ពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកំពស់ជីវភាពបងប្អូន អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង និងការគិតគូរនិងឧបត្ថម្ភដល់ប្រជពលរដ្ឋក្រីក្រ ដែលរងផលប៉ះពល់ដោយសារជំងឺកូវីដ-១៩។
លោកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងត្រូវចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល ដោយ ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង។
អំណោយដែលបានចែកជូននៅពេលបនេះ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី ១យួរ, អាវយឺត២, អំបិល ១គីឡូក្រាម, អាវ និងមួកគណបក្សប្រជាជនកម្ពុជាម្នាក់១ និងថវិកាមួយចំនួន។
លោកស្រីក៏បានកាត់ខ្សែរបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្នាក់ការគណបក្សប្រជាជនកម្ពុជា ភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង នាឱកាសនោះផងដែរ៕