(ភ្នំពេញ)៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ បានចែករំលែកនូវចំណេះជំនាញរបស់ខ្លួន ពីវិធីសាស្ត្រទិញអចលនទ្រព្យ ឲ្យបានត្រឹមត្រូវជៀសវាងមានវិវាទនៅពេលអនាគត ដែលនាំឲ្យមានភាពស្មុគស្មាញ ឬអាចឡើងដល់តុលាការជាដើម។
តាមរយៈកម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍របស់ទូរទស្សន៍ Fresh News អ្នកជំនាញវិស័យអចលនទ្រព្យរូបនេះ បានលើកឡើងនូវវិធីសាស្ត្រមួយចំនួនក្នុងការទិញអចលនទ្រព្យរួមមាន៖
១៖ ត្រូវទិញអចលនទ្រព្យ ដែលមានបណ្ណកម្មសិទ្ធិច្បាស់លាស់ (ប្លង់រឹង)។ លោកពន្យល់ថា ប្លង់កម្មសិទ្ធិនេះ គឺជាឯកសារដ៏សំខាន់ណាស់ សម្រាប់អ្នកទិញអចលនទ្រព្យ ដែលមានទទួលស្គាល់ពីស្ថាប័នជំនាញ និងទទួលស្គាល់ពីអាជ្ញាធរ។
២៖ ការបង់ប្រាក់ត្រូវឯកសារប្រគល់-ទទួលច្បាស់លាស់ ឬអាចមានដឹងឮពីមេធាវី ទោះបីជាភាគីអ្នកទិញអ្នកលក់ជាមនុស្សស្គាល់ក៏ដោយ គឺត្រូវតែធ្វើដើម្បីទំនុកចិត្ត។
៣៖ ត្រូវចុះទៅមើលទីតាំងអចលនទ្រព្យដោយផ្ទាល់ ដើម្បីដឹងឲ្យច្បាស់អំពីទីតាំង ជៀសវាងមានបញ្ហានៅថ្ងៃក្រោយ។ ឧទាហរណ៍ ទិញដីកន្លែងនេះ តែដីទទួលបាននៅកន្លែងផ្សេង ដែលជាហេតុនាំឲ្យមានបញ្ហា ។
៤៖ ត្រូវមានការកំណត់ព្រំអចលនទ្រព្យ ឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ កុំឲ្យមានបញ្ហាមិនច្បាស់លាស់នៅថ្ងៃក្រោយ។
លោកបន្តថា នៅពេលដែលអ្នកទិញអចលនទ្រព្យ អាចអនុវត្តបានបែបនេះ នឹងជួយកាត់បន្ថយបាននូវបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើងនៅពេលអនាគត៕
ព័ត៌មានសម្អិតអំពីវិធីសាស្ត្រទិញអចលនទ្រព្យ ឲ្យបានត្រឹមត្រូវជៀសវាងវិវាទ សូមទស្សនាវីដេអូនៃកិច្ចសម្ភាសរបស់ទូរទស្សន៍ Fresh News ដូចខាងក្រោម៖