(ភ្នំពេញ)៖ ស្នងការរងនគរបាល រាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះថា ជនសង្ស័យចំនួន២៣នាក់ និងថ្នាំ២៥០កញ្ចប់ត្រូវបានបង្ក្រាប និងចាប់ខ្លួនតាមបណ្តាខណ្ឌ។
លោក ប៊ន សំអាត បានបន្តទៀតថា សម្រាប់ជនសង្ស័យទាំង២៣នាក់ ដែលមានស្រីម្នាក់ ត្រូវបានកម្លាំងនគរបាល របស់លោកក្រោយបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ ចុះបង្ក្រាប និងចាប់ខ្លួននៅថ្ងៃម្សិលមិញ និងយប់មិញ ស្ថិតនៅតាមបណ្តាខណ្ឌ ហើយនៅពេលនេះ ស្ថិតក្រោមការសាកសួរនៅឡើយ មុនពេលបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់។
បើតាមស្នងការររងរូបនេះ សម្រាប់ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅរាជធានីភ្នំពេញ កម្លាំងនគរបាល នឹងធ្វើជាបន្តបន្ទាប់ដូចភ្លៀងរលឹម មិនដកថយនោះឡើយ ពីព្រោះបញ្ហាទាំងនេះបានបំផ្លាញ សង្គមយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្រុមយុវជនជំនាន់ក្រោយ៕