(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្កកំពង់ចាម បានដឹកនាំកងកម្លាំងនគរបាល ចំនួន១៣៣នាក់ (ស្រី៣៤នាក់) ក្នុងនោះមន្រ្តីក្របខ័ណ្ឌថ្មី ចំនួន១០០នាក់ និងកម្លាំងកងអន្តរាគមន៍ពិសេស ចំនួន៣៣នាក់ បានចូលរួមអនុវត្តជាក់ស្ដែង ចំពោះបច្ចេកទេសប្រើប្រាស់អាវុធ AK47 និងបាញ់គ្រាប់ពិត នៅទីលើលានបាញ់គ្រាប់ពិត របស់សាលាពលទាហានទី២ នៃបញ្ជាការយោធភូមិភាគ២ (ស្រែស្ពៃ)។
ការហ្វឹកហាត់សម្រាប់ការបំប៉នជំនាញបច្ចេកទេសប្រើប្រាស់អាវុធ AK47 មានរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដោយទទួលបានការបង្វឹកពីសំណាក់គ្រូបង្គោល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយគ្រូយោធភូមិភាគ២ និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
ជាលទ្ធផល ការបាញ់ចូលគោលដៅផ្ទាំងស៊ីបចម្ងាយ១០០ម៉ែត្រ ទទួលបាននិទ្ទេសល្អ ចំនួន០៩នាក់, ល្អបង្គួរ ចំនួន៣១នាក់ និងមធ្យម ចំនួន៩៣នាក់។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានឧបត្ថម្ភថវិកាជូនដល់ សាលាយោធភូមិភាគ២ ថវិកាចំនួន២,០០០,០០០រៀល, គ្រូបង្គោល របស់សាលាយោធភូមិភាគ២ ដែលមកបំប៉នជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០៥នាក់ ថវិកាសរុប១,២០០,០០០រៀល, គ្រូបង្គោល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០៥នាក់ ថវិកាសរុបចំនួន១,២០០,០០០រៀល និងគ្រូនៅទីលានបាញ់គ្រាប់ពិត សរុបជាថវិកា ចំនួន១,២០០,០០០រៀល។
និងអាហារពីរពេលសម្រាប់កងកម្លាំង និងគ្រូចំនួន២២០នាក់ សរុបថវិកា២,៩០០,០០០រៀល ថវិកាដែលបានឧបត្ថម្ភ និងចំណាយសរុប ចំនួន ១០,៨០០,០០០រៀល៕