(កំពង់ស្ពឺ)៖ ក្នុងកាយវិការគួរឲ្យអាណិតអាសូរលោក វ៉េង វឺន អាយុ៥៩ឆ្នាំ រស់នៅភូមិយ៉ាងពីស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រមជាមួយកូនៗ និងបងស្រី បាននៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានមកជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ ដោយសុំទទូចសុំថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងស្ថាប័នតុលាការជួយរកយុត្តិធម៌ជូនពួកគាត់ ក្រោយពីកូនម្នាក់ រួមជាមួយប្រពន្ធរបស់ខ្លួនផងនោះ បានប្តឹងជំទាស់ និងមិនព្រមផ្តិតមេដៃលក់ដីមួយកន្លែង បើទោះបីបានទទួលលុយកក់គេរួចក៏ដោយនោះ។
លោក វ៉េង វឺន បានរៀបរាប់អំពីសាច់រឿងនៃការលក់ដី និងឈានទៅទទួលលុយកក់ថា លោកពិតជាបានលក់ដីមួយកន្លែងទំហំ ១៨៦៩៣ម៉ែត្រការ៉េ ក្នុងភូមិសុវណ្ណគីរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅឲ្យលោក ជ័យ ទួន និងប្រពន្ធឈ្មោះ ស៊្រិន ពេជ្រ ថែមទាំងទទួលបានលុយកក់ពិតប្រាកដមែន។
តែជាអកុសលស្រាប់កូនប្រុសរបស់លោក ដែលបានបែកគ្រួសាររួចហើយឈ្មោះ ស៊ឹម សាវុធ បានមកទំទាស់ប្តឹងមិនព្រមលក់ដីនេះឲ្យអ្នកកក់លុយវិញ ហើយបានកៀងគរ និងបង្អកស្រាលោក ឲ្យស្រវ៉ឹង បង្ខំឲ្យផ្តិតមេដៃទៅលើលិខិតផ្ទៃក្នុងឲ្យឈប់លក់ទៅវិញ។
លោក វ៉េង វឺន បានបន្តថា ក្រោយមកលោកបានដាក់ពាក្យប្តឹងកូន និងប្រពន្ធ (កូនប្រសា) ព្រមទាំងមេភូមិសន្តិភាពថា បានគំរាមកំហែងលោក និងប្រពន្ធ ឲ្យផ្តិតមេដៃប្រគល់សិទ្ធិទៅឲ្យ គេជាអ្នកចាត់ចែងលក់ដីនោះវិញ។
ក្នុងពាក្យបណ្តឹងបានសសេរថា គាត់ និងប្រពន្ធ ចាស់ៗហើយ គាត់ពិតជាមិនព្រមប្រគល់ដីនោះទៅកូនបងនោះទេ គឺត្រូវលក់ឲ្យលោក ជ័យ ទួន និងប្រពន្ធ ស៊្រិន ពេជ្រ តាមកិច្ចសន្យាវិញ ដើម្បីកុំមានទំនាស់ និងយកលុយមកផ្គត់ផ្គង់គ្រួសារ ព្រមទាំងធ្វើបុណ្យឲ្យសពប្រពន្ធគាត់ផងដែរ៕