(កំពង់ធំ)៖ លោកស្រី ឡៅ ឡៃងីម តំណាងក្រុមអ្នកហាត់ប្រាណមិត្តភាព បានអរគុណសន្តិភាព រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែរក្សាបានសុខសន្តិភាពសេចក្តីសុខសាន្ត ជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងជំរុញសេដ្ឋកិច្ចជាតិរបស់យើង ឲ្យមានកំណើនជាបន្តបន្ទាប់ ក្នុងមួយឆ្នាំៗ ទើបក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំ ប្រមាណជាង១០០នាក់ បានមានឱកាស នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្ឃនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងវេនកាន់បិណ្ឌវេនទី៤ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០។
លោកស្រី បានបញ្ជាក់ក្នុងឱកាសនាំយកគ្រឿងឧបភោគ ក្នុងវេនកាន់បិណ្ឌ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះ ក៏បានធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ ខ្មែរតាំងពីយូរណាស់មកហើយ។
លោកស្រីបានបន្តថា ពិធីបុណ្យកាន់បិណ្ឌ ឬដាក់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធី បុណ្យធំៗជាច្រើន ដែលជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ តាំងពីយូរលង់មកហើយ។ បុណ្យនេះ មានពុទ្ធសាសនិកជនកម្ពុជា ជាង៨០% គោរពប្រតិបត្តិ និងនាំគ្នាប្រារព្ធធ្វើឡើង មិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ដែលយើងហៅថា បិណ្ឌទី១ បិណ្ឌទី២ រហូតដល់បិណ្ឌទី១៤ និងថ្ងៃបញ្ចប់គឺជាថ្ងៃភ្ជុំបិណ្ឌ (ប្រជុំបិណ្ឌ)។
ក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋទូទាំងប្រទេស តែងតែប្រារព្ធកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសបុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងដួងវិញ្ញាណក្ខន្ធបុព្វការី ជនមានជីដូនជីតាញាតិការ៧សណ្តាន ដែលបានធ្វើមរណកាលទៅហើយនោះ និងបង្ហាញឲ្យឃើញ នូវការសាមគ្គីភាព រវាងបងប្អូនហាត់ប្រាណទាំងអស់ និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយ បានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជាមួយ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ក្នុងនោះ ក៏ជាការបង្ហាញឲ្យឃើញនូវទឹកចិត្តជ្រះថ្លា តែងតែជួយគ្នាទៅវិញទៅមករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចង់បង្ហាញឲ្យក្មេងជំនាន់ក្រោយ បានឃើញពីការថែរក្សាវប្បធម៌ប្រពៃណី ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។
លោកស្រី ក៏បានអំពាវនាវដល់យុវជនទាំងអស់ ត្រូវជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើអំពើល្អឲ្យបានច្រើន បង្កើនការស្រឡាញ់ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន។
ក្នុងនោះ ក៏មានការចូលរួមពីលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោកស្រី ម៉េត រ៉ាវីចិត្រ សុខលូ អភិបាលខេត្តកំពង់ធំ និងសប្បុរសជនមកពីសហរដ្ឋ
អាមេរិកក្នុងការចូលរួមចំណែកកសាងនូវទីវត្តវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំនេះ ព្រោះថាវត្តនេះគឺជាវត្តដែលមានវ័យចំណាស់ផងដែរ ។
សូមបញ្ជាក់ផងដែរថា សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះ មានស្លាដក១, អង្ករ, មី, ទឹកសុទ្ធ, ទឹកក្រូច, ត្រីខ, ប្រេងម៉ាសូត, និងបច្ច័យកសាងមួយចំនួន ព្រមទាំងបានប្រគេនថវិកា ដល់ព្រះសង្ឃចំនួន១០០អង្គ ក្នុងមួយអង្គថវិកា២ម៉ឺនរៀល និងយាយជីតាជី២០០នាក់ ក្នុងមួយនាក់ក្រណាត់សមួយដុំ និងថវិកា១ម៉ឺនរៀលផងដែរ៕