(កណ្តាល)៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង នាំយកអំណោយចុះជួបសំណេះសំណាល សួរសុខ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៃទីបញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹស្តសករាជ ២០២០។
កម្មវិធីនេះក៏មានការចូលរួមពី នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៃទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សរុបប្រមាណ ៣៥០០នាក់។
ថ្លែងក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសារសំខាន់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ដែលកំណើននេះជាកត្ដាជំរុញឱ្យមានកំណើនមធ្យោបាយដឹកជញ្ជូនកាន់តែច្រើន ប្រែក្លាយពីផ្លូវដីទៅផ្លូវកៅស៊ូ និងផ្លូវបេតុង មានទីផ្សារលក់ផលិតផល មានភ្ញៀវទេសចរណ៍ មានវិនិយោគិនបង្កើត ការងារធ្វើជូនប្រជាជន និងប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទីកន្លែងប្រកបដោយសន្តិសុខ និងសុវត្ថិភាព។
លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញជូនជាតិមាតុភូមិ ព្រមទាំងបានអភិវឌ្ឍប្រទេសពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស តួយ៉ាងផ្លូវ និងស្ពាន។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ដែរថា សម្ភារបរិក្ខាចាំបាច់ និងគ្រឿងឧបភោគបរិភោគដែលប្រគល់ជូន ទីបញ្ជាការដ្ឋានអង្គរក្សនៅក្រុងតាខ្មៅនេះ រួមមាន៖ ទឹកស៊ីអ៉ីវចំនួន៥០០យួរ ទឹកត្រីចំនួន៥០០យួរ ទឹកសុទ្ធកម្ពុជាចំនួន ១,០០០កេស មីជាតិចំនួន ១,០០០កេស ត្រីខចំនួន ១០០កេស អង្ករចំនួន១០តោន និងថវិកាមួយចំនួនផងដែរ៕