(ភ្នំពេញ)៖ ការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែ ដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជិត៦គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអ៉ីអនម៉ល សែនសុខ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌឫស្សីកែវ បានដំណើរបើកការដ្ឋានហើយ។
ពិធីបើកការដ្ឋានបានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅលើកបណ្តោយផ្លូវនេះ ដែលស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ដែរ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា មហាវិថីថ្មីនេះ រត់ត្រង់ជួរភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ ជាប្រភេទផ្លូវភ្លោះ មានប្រវែង៥,៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សង់ទីម៉ែត្រ។ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិស មាន៣គន្លងសម្រាប់រថយន្តទៅមក និងមួយគន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ផ្លូវនេះដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង១១,៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨កន្លែង។
លោក សាំ ពិសិដ្ឋ បានបន្ថែមថា នៅកណ្តាលសួនច្បារនៃមហាវិថីនេះ ក៏មានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែក និងលំអ និងដាំស្មៅ ជាមួយនឹងការរៀបការ៉ូឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ តម្លើងភ្លើងស្តុបចរាចរចំនួន ៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរ ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ មានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាក់ស្តែងកំណាត់ផ្លូវបានស្ថាបនាឡើងជាផ្លូវថ្មី ដែលមានបណ្តោយរហូតជាង៥គីឡូម៉ែត្រ និងមានទទឹង៣០ម៉ែត្រ អាចកាត់បន្ថយការកកស្ទះចរាចរ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើង រាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។
លោក ឃួង ស្រេង បានឲ្យដឹងថា កំណាត់ផ្លូវនេះ ស្ថាបនាដោយក្រុមហ៊ុនឯកជន តែស្ថិតក្រោមការត្រួតពិនិត្យបច្ចេកទេសពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។ លោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមសហការ និងយោគយល់ចំពោះផលប៉ះពាល់ និងការរំខានពីការដ្ឋាននេះ។
លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងគណៈគ្រប់គ្រងវត្តអារាម វិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកំឡុងពេល ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ បើទោះបីមកដល់ពេលនេះស្ថានភាពបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ គ្មានការចម្លងក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាល ទីក្រុងនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានជំងឺនេះនៅតែបន្តរីករាលដាល គួរឲ្យព្រួយបារម្ភបំផុត៕