(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើង តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនោះមានកិច្ចប្រជុំដូចខាងក្រោម៖
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣
* កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
* កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៧
* កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីការអភិវឌ្ឍក្នុងអនុតំបន់
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២១
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី១០
* ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស
* កិច្ចសន្ទនារដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីសម្រាប់សន្តិភាព និង សន្តិសុខប្រកបដោយចីរភាព ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣
* កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ និង
* សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិនិត្យមើលឡើងវិញផែនការលំអិតរបស់អាស៊ាននិងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាននិងអនុសាសន៍នានា សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវឯកភាពនិងសាមគ្គីភាព ភាពរឹងមាំ សមាហរណកម្មនិងការតភ្ជាប់ក្នុងរង្វង់អាស៊ាន ព្រមទាំងការធ្វើទំនាក់ទំនង ជាមួយសហគមន៍ពិភពលោក។ កិច្ចប្រជុំក៏នឹងពិភាក្សាផងដែរអំពីផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖