(ភ្នំពេញ)៖ ក្នុងរដូវកាលកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សមាគមបរិច្ចាគឈាមកម្ពុជា បានកៀរគរគ្នា ផ្ដល់ឈាមសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមជាចាំបាច់ ជាពិសេសស្ដ្រីសម្រាលកូន, អ្នកគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺផ្សេងៗដែលត្រូវការឈាមជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត។
លោក ផាត់ សារឿន ប្រធានសមាគមបរិច្ចាគឈាមកម្ពុជាបានថ្លែងថា ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមជាចាំបាច់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងបានគៀរករគ្នាប្រមាណជិត៥០នាក់ មកបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា។
លោក ផាត់ សារឿន ថ្លែងបន្ដថា «សមាគមបរិច្ចាគឈាមកម្ពុជា តែងតែធ្វើការបរិច្ចាគឈាមជារៀងរាល់ឆ្នាំ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការផ្សេង និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ដើម្បីសង្គ្រោះជីវិតភ្លាមៗ។ ក្រៅពីរដូវបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃនៃសេចក្ដីស្រលាញ់, នៅថ្ងៃ១៤មិថុនា ទិវាពិភពលោកបរិច្ចាគឈាម និងក្នុងឱកាសផ្សេងៗផងដែរ»។
សមាគមបរិច្ចាគឈាមកម្ពុជា បានចាំផ្ដើមផ្ដល់ឈាម ចាប់តាំងពីឆ្នាំ២០១១មក ដោយយល់ឃើញថាការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ ជាពិសេស ជួយឱ្យយើងមានសុខភាពល្អជាងមុនទៀត និងសង្គ្រោះជីវិតមនុស្សបាន ដល់ជនរងគ្រោះថ្នាក់ផ្សេងៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ស្ដ្រីសម្រាលកូនជាដើម។
លោកបានលើកឡើងទៀតថា «នៅថ្ងៃខាងមុខយើង នឹងបន្ដចូលរួមបរិច្ចាគឈាម ព្រោះជាកាយវិការជួយសង្គ្រោះជីវិតមនុស្សមួយដ៏ធំ បម្រើដល់វិស័យសង្គម ជាពិសេស វិស័យមនុស្សធម៌។ ដូច្នេះយើងនឹងបង្កើនការផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋ»។
ជាមួយគ្នានោះ ប្រធានសមាគមបរិច្ចាគឈាមកម្ពុជា ក៏បានថ្លែងអំពាវនាវដល់ពលរដ្ឋគ្រប់រូប ដែលមានអាយុចាប់ពី១៨ ឆ្នាំ៦០ឆ្នាំ គីឡូចាប់ពី៤៥គីឡូឡើងទៅ សូមចូលរួមបរិច្ចាគឈាម យ៉ាងហោចណាស់បានមួយម្ដងក្នុងមួយឆ្នាំ ដើម្បីចូលរួមជួយសង្គ្រោះជីវិតពលរដ្ឋកម្ពុជាយើង ដែលត្រូវការឈាមដើម្បីរស់។
សូមជម្រាបថា ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ ក៏បានបញ្ជាក់កាលពីកន្លងទៅដែរថា ឈាមមិនអាចផលិតដោយរោងចក្រ ឬក៏ឱសថស្ថាន ឬក៏វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់ណាមួយបានទេ ឈាមអាចបានអាស្រ័យ ទៅលើការបរិច្ចាគពីមនុស្ស ចឹងប្រភពតែមួយគត់ ដែលយើងអាចមានឈាមគ្រប់គ្រាន់ គឺពីមនុស្ស។
ឈាមគឺជាកោសិកាមួយវិសេសវិសាល ដូច្នេះមានតែប្រភពពីមនុស្ស បើសិនជាយើងមិនមានសាមគ្គីភាព មិនមានការ ស្រលាញ់រាប់អាន រវាងជនជាតិយើង ដែលជាមោទនភាពជាតិយើង ជួយគ្នាក្នុងគ្រានោះ គឺមិនអាចមានឈាមគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ឈាមនោះទេ។
បើតាមអ្នកជំនាញ ការបរិច្ចាគឈាម មិនត្រឹមតែអាចជួយសង្គ្រោះជីវិតអ្នកជំងឺ និងសង្គមជាតិប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍ សម្រាប់លោកអ្នក ដែលចូលរួមបរិច្ចាគផងដែរ។ ការផ្តល់ឈាមធ្វើឲ្យសរីរាង្គ ក្នុងខ្លួនមនុស្សបង្កើនការបង្កើតគោលិកាក្រហមឡើងវិញ ជាស្វ័យប្រវត្តិ។
ជាងនេះទៅទៀត ការផ្តល់ឈាមអាចកាត់បន្ថយ ការប្រឈមនឹងជំងឺបេះដូង ដោយសាររាល់ការផ្តល់ឈាម បានបន្ថយសារធាតុដែកមួយចំនួនពីក្នុងឈាម។
លើសពីនេះ ការផ្តល់ឈាមជាទៀងទាត់ ជារៀងរាល់៣ខែ ទៅ៤ខែម្តង នឹងជួយធ្វើឲ្យសុខភាពកាន់តែរឹងមាំ ដោយការផ្តល់ឈាមបានដុតបំផ្លាញចោល នូវថាមពលមួយចំនួន ក្នុងពេលផ្តល់ឈាមម្តងៗនិងកាត់បន្ថយការកើតជំងឺមហារីកផងដែរ៕