(កំពង់ធំ)៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរនេះ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងក្រុមគ្រួសារ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់វេនជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវេនទី៥ នៅវត្តតាលវ័ន្តក្តីចារ្តិ៍ ហៅវត្តក្តីចារ្តិ៍ តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរនារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា បុណ្យភ្ជំបិណ្ឌដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតា តរៀងមក។
ម៉្យាងទៀត ពិធីកាន់វេនបិណ្ឌនេះពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤ រោជ ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជំធំត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋ ជិតឆ្ងាយបានមកជួបជុំគ្នានាំយកចង្ហាន់ចំណីអាហារទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សាតាមទីវត្តអារាមនានានៅកម្ពុជា។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា បេសកកម្ម នៃការថែរក្សាសន្តិភាព និងបន្តឲ្យមាននិរន្តរភាព នៃវឌ្ឍនភាពកម្ពុជា គឺការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាពនៅកម្ពុជា។
ក្នុងនោះលោកស្រីក៏បានលើកពីបច្ចុប្បន្នភាព ដែលនៅលើពិភពលោកបានកំពុងជួបនូវបញ្ហាវិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ស្ថានភាពសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងនោះ កម្ពុជាក៏បានជួបបញ្ហានេះផងដែរ។
ក្នុងនោះលោកស្រីក៏បានធ្វើការក្រើនរំលឹកថ្វាយដល់ព្រះសង្ឃ ពុទ្ធបរិស័យ និងប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ នៃជម្ងឺកូវិដ១៩ គឺត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំដោយដុសលាងដៃនឹងទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងរក្សានូវគន្លាតសុវត្ថិភាព ទោះបីនៅកម្ពុជា មិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក៏ពិតមែន មានតែយើងទេដែលភ្លេចកូវិដ ចំពោះកូវិដមិនភ្លេចយើងឡើយ៕