(កណ្តាល)៖ ស្រ្តីវ័យក្មេងដៃស្អិតម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលូកយកទូរសព័្ទ ពីក្នុងហោប៉ាវរបស់នារីម្នាក់ ដែលកំពុងតែដើរទិញម្ហូប នៅក្នុងផ្សារតាខ្មៅចាស់ក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅម៉ោង៩៖៥០ នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ។
បើតាមសំដីស្រ្តីរងគ្រោះឈ្មោះ ឌី រស្មី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមន្ត្រីនគរបាល នាយកដ្ឋានអត្តសណ្ណាណកម្ម មានទីលំនៅភូមិភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ថា មុនកើតហេតុ គឺរូបគាត់កំពុងតែដើរ ទិញម្ហូបក្នុងផ្សារត្រង់ចំណុច កើតហេតុខាងលើ ដោយទុកទូរស័ទក្នុងហោប៉ាវ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានស្រ្តីម្នាក់ បានដើរមកក្បែរ ហើយបានធ្វើការលូកហោប៉ាវ យកទូរសព័្ទម៉ាក iPhone 6s មួយគ្រឿងរបស់គាត់។ ភ្លាមៗនោះស្ត្រីរងគ្រោះបានដឹងខ្លួនទាន់ ក៏ស្រែកថា ចោរៗធ្វើឲ្យសន្តិសុខ ដែលយាមនៅមុខផ្សារ ដេញនិងចាប់បានជនសង្ស័យរួមទាំងវត្ថុតាងផងដែរ។
បើតាមសមត្ថកិច្ចក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ស្ត្រីដៃស្អិតនោះមានឈ្មោះ ទ្រី ស្រីនាង អាយុ១៦ឆ្នាំ មានទីលំនៅភូមិសំបូរមាស ឃុំនាងគង់ហ៊ីង ស្រុកកំពង់សៀមខេត្តកំពង់ចាម។ ក្រោយកើតហេតុ ស្ត្រីដៃស្អិតរួមទាំងវត្ថុតាងមានទូរសព័្ទ iPhone 6s ត្រូវបានបញ្ជួនកនកាន់ អធិការនគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី៕