(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានទទូចឲ្យកម្មករ-កម្មការិនី រួមគ្នាដោះស្រាយវិវាទការងារ ជាមួយថៅកែរោងចក្រដោយសន្តិវិធី និងចៀសវាងឲ្យបានការបង្កហិង្សានានា ដែលនាំខាតបង់ប្រយោជន៍ទាំងកម្មករ និយោជិត និងនិយោជក។
ការទទូចរបស់លោកស្រី ម៉ែន សំអន បានធ្វើឡើងក្នុងពេលដែលលោកស្រី អញ្ជើញចុះជូបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រ TOP SPORT នៃតំបន់សេដ្ឋកិច្ចពិសេសមែនហាតធេនក្រុងបាវិត ប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។
លោកស្រី ម៉ែន សំអន ក៏ថ្លែងគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំកៀរគរអ្នកវិនិយោគទុន បរទេសមកវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មាននៅក្នុងខេត្តស្វាយរៀងផងដែរ ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋក្នុងខេត្ត ស្វាយរៀងមានការងារធ្វើ។ បច្ចុប្បន្នរោងចក្រ និងសហគ្រាសក្នុងខេត្តស្វាយរៀង មានជាង៥០ និងផ្តល់ការងារជូនកម្មករជិត៤ម៉ឺននាក់។
លោកស្រី ម៉ែន សំអន បានប្រាប់ទៅកម្មករ កម្មការិនី ឲ្យខិតខំបំពេញការងារ និង ប្រឹងប្រែងថែរក្សារោងចក្រ ដែលជាប្រភពការងារ ហើយចៀសវាងការញុះញង់ផ្សេងៗ ឈានទៅដល់ហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ។ លោកស្រី បានថ្លែងយ៉ាងដូច្នេះ «កម្មករ-កម្មការិនីទាំងអស់ ដែលកំពុងបំពេញការងារក្នុងខេត្ត ត្រូវខិតខំធ្វើការ។ រាល់ការមិនសប្បាយចិត្តណាមួយ ក្នុងរោងចក្រ យើង មានសហជីពសម្រាប់ជួយដោះស្រាយចៀសវាង ការជឿតាមអ្នកឃោសនាអគតិមួយចំនួន ដែលនាំកម្មករដើរផ្លូវខុស ដូចជាការធ្វើកូប កម្ម បាតុកម្ម នាំឲ្យថៅកែរោងចក្រមិនសប្បាយចិត្ត និងទៅបង្កើតរោងចក្រនៅប្រទេសផ្សេង ធ្វើឲ្យបាត់បង់ការងារ គឺប្រៀបបានវៃ បំបែកឆ្នាំងបាយរបស់ខ្លួនអីចឹង»។
លោកស្រី ម៉ែន សំអន បានបន្ថែមថា រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយ ចំពោះការដំឡើងប្រាក់ខែ ឲ្យកម្មករនោះឡើយ តែការដំឡើងត្រូវធ្វើតាមដំណាក់កាល និងអនុលោមតាមកត្តាសេដ្ឋកិច្ច មិនមែនចេះតែដំឡើងនោះឡើយ។
លោកស្រី ម៉ែន សំអន ក៏បានថ្លែងកោតសសើរដល់កម្មករ កម្មការិនី ដែលបានខិតខំធ្វើការងារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅបាន មួយកម្រិតបន្ថែមទៀត លើចំណូលជីវភាពប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះថៅកែរោងចក្រ និងកម្មករ ប្រៀបបានឪពុកម្ដាយ និងកូន ព្រោះកាលណាកម្មករកម្មការិនីខិតខំបំពេញការងារ ទៅតាមតម្រូវការរបស់ថៅកែ ធ្វើឲ្យមានការរីកចម្រើន ហើយក៏មានប្រាក់ខែបើកឲ្យបាន ទៀងទាត់ប្រចាំខែផងដែរ។
ការដាស់តឿន និងអំពាវនាវឲ្យកម្មករ កម្មការិនី ចេះដោះស្រាយវិវាទការងារដោយសន្តិវិធីនេះ បានធ្វើឡើង បន្ទាប់ពីមានកម្មករ កម្មការិនីជាច្រើននាក់ កាលពីចុងខែធ្នូ ឆ្នាំ២០១៥ បាននាំគ្នាផ្ទុះកូដកម្មតវ៉ា និងឈានដល់ការប្រើហិង្សា វាយបំផ្លាញទ្រព្យសម្បត្តិ របស់រោងចក្រអស់ជាច្រើនផងដែរ។
ក្រោយសំណេះសំណាល លោកស្រី ម៉ែន សំអន ក៏បានផ្តល់ថវិកាដល់កម្មករ កម្មការិនីទាំង៥៥០នាក់ ក្នុងម្នាក់ៗ ទទួលបាន២ម៉ឺនរៀល៕