(កែប)៖ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានអំពាវនាវឱ្យមានការសហការគ្នាល្អ ដើម្បីមានបញ្ជីបោះឆ្នោតប្រចាំឆ្នាំដែលមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។
ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាសលោកបានបន្តចុះជួបជាមួយមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តកំពត និងខេត្តកែប ក្នុងអគារសាលប្រជុំ សាលាខេត្តកំពត ស្ថិតនៅភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។
លោក អ៊ុង វិសាល ប្រធាន ល.ខ.ប កំពត បានឡើងរាយការណ៍ជូនគណៈប្រតិភូថា ខេត្តកំពត មានប្រជាពលរដ្ឋសរុបចំនួន ៦៨០១៦៧នាក់ ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង ចំនួន ៤៧៣,០៥៧នាក់ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ ចំនួន ៣៧៣៥៤៦នាក់ ផែនការចុះឈ្មោះអ្នកបោះឆ្នោត សម្រាប់ឆ្នាំ២០២០ ចំនួន ១៣៥៣១នាក់ និងផែនការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ មានចំនួន ១០០០៤នាក់ ហើយ ល.ខ.ប កំពត មានការិយាល័យបោះឆ្នោតសរុបចំនួន ១,០៤២ (មួយពាន់ សែសិបពីរ) ការិយាល័យ។
លោកបន្តថា ល.ខ.ប កំពត បានចុះបណ្ដុះបណ្ដាល និងធ្វើការណែនាំដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងស្មៀនឃុំ សង្កាត់ ស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋគ្រប់អាយុ ១៨ឆ្នាំ និងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត អ្នកទទួលមរណភាព អ្នកផ្លាស់ទីលំនៅចេញ-ចូល និងអ្នកដែលត្រូវបានដកសិទ្ធិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
លោកបន្ថែមថា ល.ខ.ប កំពត បានធ្វើការប្រជុំជារៀងរាល់ខែ និងធ្វើការណែនាំដល់មន្ត្រីឱ្យស្វែងយល់អំពីការងារបោះឆ្នោត ដោយសិក្សាលើច្បាប់ បទបញ្ជា និងនីតិវិធី បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ សេចក្ដីណែនាំ និងអនុសាសន៍សំខាន់ៗរបស់ប្រធាន គ.ជ.ប ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពមន្ត្រីលើការងារជំនាញបន្ថែមទៀត។ ល.ខ.ប កំពត បច្ចុប្បន្នពុំទាន់មានឃ្លាំងដាក់សម្ភារៈបោះឆ្នោត ដូចជាហិបឆ្នោត បន្ទប់សម្ងាត់ និងកេសដាក់ឯកសារនៅឡើយទេ។ ល.ខ.ប មានការលំបាកទាក់ទង ដោយក្រុមប្រឹក្សាឃុំ សង្កាត់
មួយចំនួនពុំព្រមធ្វើទម្រង់ ១០២៥ និង ១០២៧ ហើយប្រធានក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនពុំព្រមប្រគល់ភារកិច្ចឱ្យជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការជំនួស ហើយប្រគល់កិច្ចការបោះឆ្នោតឱ្យស្មៀនឃុំ សង្កាត់ ជាអ្នកធ្វើ ប៉ុន្តែស្មៀនឃុំ សង្កាត់ មានការរវល់ច្រើនលើការងារសង្គម និងការងារជំនាញ ដោយពុំបានយកចិត្តទុកដាក់លើការងារបោះឆ្នោតនោះទេ។
ប្រធាន ល.ខ.ប កែប លោក ជា សំបូរ បានបញ្ជាក់ប្រាប់គណៈប្រតិភូថា ខេត្តកែប មានចំនួនប្រជាពលរដ្ឋសរុប ៤១៦៦៧នាក់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ ចំនួន ២៤៦៥៥នាក់ ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានចំនួន ២៧៣៩៥នាក់ ផែនការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២០ ចំនួន ៤៨៦នាក់ និងមានការិយាល័យបោះឆ្នោត សរុបចំនួន ៦៩ការិយាល័យ។
ឆ្លើយតបទៅនឹងការលំបាករបស់ ល.ខ.ប ជុំវិញការសហការការងារជាមួយអាជ្ញាធរមូលដ្ឋាន ប្រធាន គ.ជ.ប បានពន្យល់ថា តើ គ.ជ.ប ត្រូវធ្វើអ្វី ហើយឃុំ សង្កាត់ត្រូវធ្វើអ្វី? តើអនុវត្តបានដូចស្មារតីច្បាប់ទេ? ជាក់ស្តែង ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងច្បាស់ណាស់ថា៖
* សៀវភៅ ឬបញ្ជីបោះឆ្នោតត្រូវរក្សាទុកជាអចិន្ត្រៃយ៍នៅសាលាឃុំ សង្កាត់ នៅលេខាធិការ-ដ្ឋានរៀបចំការបោះឆ្នោត និងនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្របតាមបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
* គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបំពេញតួនាទីជាតំណាងខ្លួនក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោតសម្រាប់ឃុំ សង្កាត់។
* បន្ទាប់ពីបញ្ជីបោះឆ្នោតត្រូវបានផ្ដល់សុពលភាពរួចហើយ ក្នុងករណីដែលមានប្រជាពលរដ្ឋទទួលមរណភាព ស្មៀនឃុំ សង្កាត់ ត្រូវស្រង់ឈ្មោះប្រជាពលរដ្ឋទាំងនោះដាក់ក្នុងបញ្ជីមួយដោយឡែកតាមទម្រង់ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បញ្ជីនេះត្រូវចម្លងជូនលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត រៀងរាល់ ២ខែម្ដង។
* រាល់ការងារបោះឆ្នោត គឺត្រូវមានអ្នកសង្កេតការណ៍របស់គណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ មិនអាចព្រងើយកន្តើយ ឬធ្វេសប្រហែសជាដាច់ខាត។
* ក្នុងករណីមិនគោរពតាមច្បាប់ដែលបានចែងទេ គឺត្រូវធ្វើការផាកពិន័យដូចនឹងមាត្រា ១៤០ ដែលចែងថា «ត្រូវផាកពិន័យជាប្រាក់ពី ៥ ០០០ ០០០ (ប្រាំលាន) រៀល ទៅ១០ ០០០ ០០០ (ដប់លាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលបានប្រព្រឹត្តដោយចេតនា នូវអំពើណាមួយ ដូចជា ចេញបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះ ប៉ុន្តែមិនព្រមចុះឈ្មោះឱ្យប្រជាពលរដ្ឋ នោះក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត និងចុះឈ្មោះដល់ប្រជាពលរដ្ឋ ដែលពុំបំពេញលក្ខខណ្ឌគ្រប់គ្រាន់អាចបោះឆ្នោតបាន»។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានក្រើនរម្លឹកថា «បើចង់ឈ្នះឆ្នោត គ្មានអ្វីក្រៅពីអំពើល្អដែលយើងធ្វើចំពោះគេទេ កត្តាឈ្នះចាញ់នៅលើអំពើល្អរបស់ការដឹកនាំ ដែលឈានទៅរកការបោះឆ្នោត មិនមែនចេញមកពីការលួចសន្លឹកឆ្នោត ឬប្រឡិមប្រឡុំសន្លឹកឆ្នោតទេ។ ប្រជាពលរដ្ឋម្នាក់គូសលើសន្លឹកឆ្នោតបានតែមួយសន្លឹកទេ ដូចនេះយើងមិនអាចទៅប៉ះពាល់ការសម្ងាត់របស់គេទេ ព្រោះបទបញ្ជា និងនីតិវិធី បានចែងលម្អិតសម្រាប់ឱ្យប្រជាពលរដ្ឋទៅធ្វើជាម្ចាស់ឆ្នោតឱ្យបានត្រឹមត្រូវបំផុត តាមរយៈការបោះឆ្នោត ដែលជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ»។
លោកប្រធាន អះអាងថា «ខ្ញុំមកស្វែងយល់គ្រប់លេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់ឱ្យមន្ត្រីបោះឆ្នោតយល់ថា តួនាទីរបស់ខ្លួនត្រូវធ្វើអី ដើម្បីស្ថិរភាពស្រុកទេសក្រោយការបោះឆ្នោត។ កុំភ្លេចណា៎! មួយជីវិតខ្ញុំ ខ្ញុំមិនដែលល្មើសច្បាប់ទេ!»។
លោកប្រធាន ល.ខ.ប កំពត និងកែប បានធ្វើការប្ដេជ្ញាថា នឹងបន្តអនុវត្តតាមការដឹកនាំចង្អុលបង្ហាញ និងការផ្ដល់អនុសាសន៍របស់ប្រធាន គ.ជ.ប ឱ្យបានល្អ ដើម្បីពង្រឹងការដឹកនាំ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តម្លាភាព ក្នុងការបំពេញភារកិច្ចនៅ ល.ខ.ប ដោយឈរលើគោលការណ៍ជាត្រីវិស័យ ៧ ចំណុច រួមមាន៖
១៖ ឯករាជ្យ
២៖ អព្យាក្រឹតភាព ឬភាពមិនលម្អៀង
៣៖ សុចរិតភាព
៤៖ តម្លាភាព
៥៖ ប្រសិទ្ធភាព
៦៖ វិជ្ជាជីវភាព
៧៖ ភាពជាអ្នកបម្រើសេវា។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយ ល.ខ.ប កំពត និងកែប ប្រធាន គ.ជ.ប បន្តដំណើរទៅជួបជាមួយមន្ត្រី ល.ខ.ប តាកែវ ជាបន្តទៀត នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជា ល.ខ.ប ទី២៥ និងចុងក្រោយក្នុងការពង្រឹងកោសិកានៃការបោះឆ្នោត៕