(ភ្នំពេញ)៖ ខណៈការតស៊ូនយោបាយការទូត រួមនឹងសម្ពាធសេដ្ឋកិច្ចតាមរយៈការដកការអនុគ្រោះពន្ធលើទំនិញកម្ពុជា ២០% គ្មានប្រយោជន៍ មិនអាច្រោះខ្មោចគណបក្សសង្គ្រោះជាតិបាន ហើយក៏មិនបានធ្វើឱ្យ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រង្គោះរង្គើ ឬក្ស័យធន ដូចពួកគេចង់បាន ក្រុមជ្រុលនិយមនិងចៅហ្វាយបរទេសរបស់ពួកគេដែលចង់ឱ្យមានការផ្លាស់ប្តូររបបដឹកនាំបច្ចុប្បន្នបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីសម្រេច គោលដៅចម្បងរបស់ពួកគេ ទោះបីជា មធ្យោបាយទាំងនោះត្រូវបង់តម្លៃយ៉ាង ណាក៏ដោយ។
ក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារក្រោមលេសការវិលចូលស្រុកវិញដឹកនាំដោយទណ្ឌិត សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង និង ហូរ វ៉ាន់ ត្រូវបានបរាជ័យកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឥឡូវនេះពួកគេចាប់ផ្តើមបន្តអនុវត្តផែនការរដ្ឋប្រហាររលូតនេះម្តងទៀត តាមរយៈការបង្កើតព្រឹត្តិការណ៍ផ្សេងៗ រាប់តាំងពីការតវ៉ាលើបញ្ហាកោះកុងក្រៅ ការបំភ្លៃព័ត៌មានលើបញ្ហាព្រំដែន ការគាស់យកខ្មោចដែលស្លាប់ទៅដើម្បីទាររកយុត្តិធម៌ ការតវ៉ាទាមទារដើម្បីឱ្យមានការដោះលែង រ៉ុង ឈុន និងជនជ្រុលនិយមដែលបង្កភាពវឹកវរ ដល់សង្គមមួយចំនួនទៀត ការតវ៉ាថ្ងៃសុក្ររបស់ស្ត្រី ហើយចុងក្រោយនេះគឺផែនការបាតុកម្មរយៈពេលវែងក្រោមលេសយុត្តិធម៌ សិទ្ធិមូលដ្ឋានសេរីភាព និងប្រជាធិបតេយ្យដើម្បីកៀរគរកម្លាំងបំផ្ទុះឈ្នួនបដិវត្តន៍ពណ៌នៅកម្ពុជា។
សកម្មភាពទាំងនេះមើលមួយភ្លែតគឺមនុស្សម្នាយល់ច្រឡំថា ក្រុមជ្រុលនិយមទាំងនេះពិតជាស្រឡាញ់ជាតិ ជាអ្នកស្នេហាយុត្តិធម៌ គិតពីផលប្រយោជន៍ជាតិ ប៉ុន្តែគិតឱ្យជ្រៅទៅ គេនឹងឃើញគោលដៅរបស់ពួកគេច្បាស់ដែលបង្កើតសកម្មភាពតវ៉ាតាមដងផ្លូវនេះបង្កប់ដោយផែនការទុច្ចរិតបំផុត និងគ្រោះថ្នាក់បំផុតសម្រាប់ប្រជាជាតិខ្មែរ។ អ្វីៗដែលពួកគេបាននិងកំពុងធ្វើសកម្មភាពគឺសុទ្ធតែមានផែនការល្អិតល្អន់ មានទាំងអ្នកផ្តល់យោបល់ អ្នកគាំទ្រថវិកា អ្នកគាំទ្រនយោបាយ និងអ្នកនៅពីក្រោយខ្នងចាំអន្តរាគមន៍និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ មើលឱ្យលើសពីនេះទៅទៀត ផែនការសកម្មភាពរបស់ក្រុមជ្រុលនិយមនីមួយៗ គឺបានអនុវត្តតាមទ្រឹស្តីបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបសរសេរឡើងដោយ លោក ជីន សាប មេទ្រឹស្តីបដិវត្តន៍ពណ៌ជនជាតិអាមេរិក។ ទ្រឹស្តីនិងការអនុវត្តរបៀបនេះត្រូវបានគេអនុវត្តដោយជោគជ័យនៅតាមបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត នៅមជ្ឈឹមបូព៌ា ហើយនៅពេលនេះ ពួកគេកំពុងអនុវត្តនៅ ហុងកុង និងនៅប្រទេសថៃ។ បណ្តាញពួកគេបាន បង្កើតបណ្តាញទំនាក់ទំនងគ្នាឥតដាច់និងមានការផ្តល់ការណែនាំជាបន្តបន្ទាប់ដល់អ្នកនៅខាងក្នុង ដើម្បីរៀបចំអនុវត្តផែនការនយោបាយទុច្ចរិតក្រោមលេសសេរីភាព សិទ្ធិមនុស្ស យុត្តិធម៌ និងប្រជាធិបតេយ្យ។
ប៉ុន្តែធាតុពិត អ្វីៗដែលក្រុមជ្រុលនិយម បានខិតខំប្រឹងកេងចំណេញពីវិបត្តិជំងឺកូវីដ ១៩ ឃើញរាជរដ្ឋាភិបាលជាប់រវល់នឹងការ ជួយប្រជាពលរដ្ឋនិងស្តារសេដ្ឋកិច្ចទប់នឹងវិបត្តិសឹដ្ឋកិច្ច ពួកគេបានឆ្លៀតបង្កចលា ចល បំពុលសង្គមធ្ងន់ធ្ងរ បញ្ឆេះកំហឹងប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយបានជា ពួកគេខិតខំធ្វើសកម្មភាពដើម្បីបង្ហាញថា រដ្ឋាភិបាលផ្តាច់ការ បិទសិទ្ធិសេរីភាព គ្មានប្រជាធិបតេយ្យ និងព្យាយាមទម្លាក់តម្លៃការដឹកនាំរាជរដ្ឋាភិបាលដោយលាបពណ៌ ចោទប្រកាន់ថា «រដ្ឋាភិបាភិបាលអសមត្ថភាព»។ យោងតាមភស្តុតាងដែលសមត្ថកិច្ចប្រមូលបានពីកន្លែងស្នាក់នៅរបស់ក្រុមជ្រុលនិយមតាំងខ្លួនជាសកម្មជនបរិស្ថាន សកម្មជនសង្គមមួយចំនួនបានបង្ហាញយ៉ាងច្បាស់ថាពួកគេបាននិងកំពុងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌ បង្កការបំពុលសង្គមតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ បំប៉ោង បំផ្លើសដើម្បីបំពុល រួមនឹងការចុះតាមផ្លូវតវ៉ា។ កិច្ចការនេះទាំងនេះ ពួកគេនឹងមិនអាចធ្វើកើតឡើង ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីក្រុមជ្រុលនិយមនៅ ប្រទេសទាំងថវិកានិងសម្ភារៈ និងទាំងនយោបាយ។
ជាមួយគ្នានេះ ក្រុមជ្រុលនិយមទាំងនេះ បានទទួលហ្វឹកហ្វឺនយ៉ាងស្ទាត់ ជំនាញដើម្បី ១) ញុះញង់កម្លាំងពលរដ្ឋងើបបះបោរ ចុះដើរតាមផ្លូវប្រឆាំងនឹងរដ្ឋអំណាចហើយមេដឹកនាំក្រុមជ្រុលនិយមនៅក្រៅប្រទេសកំពុងញុះញង់ពលរដ្ឋកុំឱ្យគោរពច្បាប់ ២)ចិញ្ចឹមចលនាប្រឆាំងដើម្បីផ្តល់ក្តីសង្ឃឹម និងទប់ស្កាត់កុំឱ្យអ្នកអស់ជំនឿលើក្រុមកឹម សុខា និងក្រុម សម រង្ស៊ បន្តដើរចេញនិងស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ឬបង្កើតបក្សថ្មី ៣) ទាញយកការតវ៉ាហើយញុះញង់ឱ្យក្រុមជ្រុលនិយមមួយចំនួនតតាំងនឹងសមត្ថកិច្ច ហើយបំពានច្បាប់ដើម្បីឱ្យមនុស្សច្រើនជាប់គុក ពួកគេងាយនឹងបំប៉ោងស្ថានការណ៍ ហើយទាញឱ្យបរទេសជាចៅហ្វាយ បរទេសពួកគេជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដាក់សម្ពាធមកលើកម្ពុជា និងប្រមាថអធិបតេយ្យភាពជាតិខ្មែរ ៤) ដើម្បីជួយពួកគេទទួលបាន ដំណោះស្រាយកញ្ចប់លើកលែងទោសឱ្យពួកគេនិងសម្រេចនូវមហិច្ឆតាអំណាចរបស់ពួកគេ ជាពិសេសព្យាយាមប្រស់ខ្មោចបក្សសង្គ្រោះជាតិដែលជាអង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌ឱ្យរស់ឡើងវិញ និងទី៥) ពឹងដៃចៅហ្វាយនាយបរទេសដើម្បីនាំខ្លួនទៅកាន់អំណាចដោយតាមផ្លូវមិន ប្រជាធិបតេយ្យ។
ដូច្នេះការអនុវត្តវិធានការច្បាប់ប្រឆាំងនឹងក្រុមជ្រុលនិយមដែលកំពុងបង្កើតបញ្ហា បំពុលសង្គម បង្កចលាចល និងភាពវឹកវរធ្ងន់ធ្ងរដល់សង្គមដើម្បីឈានទៅបំផ្ទុះកំហឹងប្រជាពលរដ្ឋ បំផ្ទុះឈ្នួនបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលគឺជាការត្រឹមត្រូវ ដែលស្របតាមច្បាប់ និងស្របតាមឆន្ទៈប្រជាពលរដ្ឋខ្មែរលើសលប់ដែលប្រាថ្នា សុខសន្តិភាព និងការអភិវឌ្ឍ។ វិធានការដែលនឹងធ្វើឱ្យសន្តិភាពកម្ពុជាកាន់តែរឹងមាំ អធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាត្រូវបានការពារយ៉ាងហ្មត់ចត់ ចៀសផុតពីការគំរាមកំហែង បំផ្លិចបំផ្លាញដោយបដិវត្តន៍ពណ៌ ដោយក្រុមជ្រុលនិយម និងបរទេសចៅហ្វាយរបស់ពួកគេ។
ក្រុមជ្រុលនិយម ដែលបន្តបំផ្លាញកម្ពុជានឹងត្រូវបង់ថ្លៃខ្ពស់ ចំពោះមុខច្បាប់ដោយមិនអាចគេចផុតពី សំណាញ់ច្បាប់បានឡើយ ហើយផែនការបំផ្លាញជាតិរបស់ពួកគេនឹងមិនអាចជោគជ័យបានឡើយ ហើយការបន្តអនុវត្តច្បាប់ប្រឆាំងក្រុមជ្រុលនិយមគឺជាវិធានការស្របច្បាប់ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងនីតិរដ្ឋនៅកម្ពុជា៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០