(ភ្នំពេញ)៖ កាលពីថ្ងៃសុក្រទី ៤ កញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ មាន៤គ្រួសារដែលមានសមាជិកក្នុងបន្ទុករហូតដល់១៥នាក់មកពីខេត្តកណ្តាល បានមកសុំជួប លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ដើម្បីសុំការសណ្តោសប្រណី ពីសម្តេចប្រមុខដឹកនាំក្នុងករណីវិវាទដីធ្លីនិងគ្រួសារ។ គ្រួសារទាំង៤ មានទឹកមុខស្រងូតស្រងាត់ ព្រោះនៅថ្ងៃច័ន្ទទី៧ ស្អែកនេះ នឹងត្រូវរុះរើលំនៅដ្ឋានចេញដោយសាលក្រមស្ថាពរតុលាការខេត្តកណ្តាល និងដីការអនុវត្តន៍ដោយបង្ខំអោយចុះចេញពីដីនិងផ្ទះ ។ គ្រួសារទាំង៤ គឺត្រូវបានចាញ់ក្តីជាមួយយាយបង្កើតឈ្មោះ ស៊ុយ ផូ អាយុ៩៥ឆ្នាំ កន្លងទៅថ្មីៗនេះ។
ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លោក ដួង តារា ជំនួយការសម្តេច និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះទៅដល់ភូមិ អញ្ចែងក្រោម ឃុំ ពុកឫស្សី ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីធ្វើការសម្របសម្រួល វិវាទដ៏រ៉ាំរ៉ៃនេះរវាង លោកយាយ កូនលោកយាយ និងចៅបង្កើតលោកយាយ ដែលបានប្តឹងផ្តល់គ្នាតាមផ្លូវតុលាការ រហូតដល់មានសាលក្រមស្ថាពរ ត្រូវអនុវត្ត។
សូមបញ្ជាក់ផងដែរថា វិវាទដីធ្លីរវាង លោកយាយ ស៊ុយ ផូ អាយុ ៩៥ឆ្នាំ និង ចៅបង្កើតចំនួន ៤គ្រួសារមានសមាជិកសរុបចំនួន ១៥នាក់រួមមាន ចៅឈ្មោះ ១)ប៊ូ ស្រីទូច (មាន៤នាក់ក្នុងបន្ទុក) ២)ប៊ូ ស្រីម៉ៅ (៦នាក់ក្នុងបន្ទុក) ៣)ប៊ូ រ៉ាឌី (៤នាក់ក្នុងបន្ទុក) ៤) ប៊ូ រ៉ាវីដ (១នាក់ក្នុងបន្ទុក) ៥) ប៊ូ សាវុទ្ធ ៦) ប៊ូ សាវី ៧) ប៊ុន យ៉ារី បានកើតឡើងតាំងពីឆ្នាំ២០១៨ រហូតដល់មានសាលក្រមតុលាការបង្គាប់ឱ្យចៅៗទាំង១៥នាក់នោះដែលមានទាំងកុមារតូចៗចំនួន៨នាក់ផងចាកចេញពីទីតាំងដីជម្លោះដែលធ្វើឱ្យពួកគេប្រឈមនឹងការបាត់បង់លំនៅដ្ឋាន និងគ្មានទីកន្លែងណាសម្រាប់ជ្រកកោន។
ករណីនេះ ដើមឡើយ លោកយាយ ស៊ុយ ផូ បានផ្តិតមេដៃប្រគល់ដី ទំហំ (១៣ម គុណ ២០ម) ស្ថិតនៅភូមិអញ្ចែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលឱ្យទៅចៅៗដើម្បីរស់នៅនឹងធ្វើជាកម្មសិទ្ធិផ្តាច់មុខ ហើយពួកគេក៏បានកាន់កាប់ និងអាស្រ័យផលអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ប៉ុន្តែបន្ទាប់មកនៅឆ្នាំ ២០១៨ លោកយាយ ស៊ុយ ផូ និងកូនបង្កើតបានប្តឹងទារយកដីលំនៅដ្ឋាននោះមកវិញ ដោយបានលើកហេតុផលថា អោយរស់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។ អាជ្ញាសាលា ក៏បានអនុវត្ត២ដងរួចមកហើយ ប៉ុន្តែធ្វើទៅអត់បានសម្រេច ដោយភាគីចៅៗទាំង៤គ្រួសារមិនព្រមរើផ្ទះចេញ ហើយដែលនៅថ្ងៃទី ៧ កញ្ញា ស្អែកនេះ គឺតុលាការត្រូវបន្ត អនុវត្តដីកាបង្ខំអោយរុះរើចេញ ជាដាច់ខាត ។
ដោយមើលឃើញទុកលំបាករបស់ប្រជាពលរដ្ឋដែលជាកូន ជាចៅ ចៅទួត សម្តេចតេជោនាយករដ្ឋមន្រ្តី មានក្តីមេត្តា និងការអាណិតអាសូរជាពន់ពេក ហើយបានចាត់ឱ្យ លោក ដួង តារា និង លោក គង់ សោភ័ណ្ឌ ចុះទៅទីតាំងកន្លែងកើតហេតុជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួលផ្សះផ្សារក្រៅប្រព័ន្ធតុលាការ តាមគោលការណ៍ឈ្នះ-ឈ្នះ ដើម្បីឱ្យគូភាគីនៃគ្រួសារទាំងមូលបានឈ្នះទាំងអស់គ្នា។
ជាលទ្ធផល បន្ទាប់ពីធ្វើការសម្របសម្រួលអស់រយៈពេលប្រមាណជា ០៤ម៉ោងរួចមក ភាគីខាងលោកយាយ ស៊ុយ ផូ បានយល់ព្រមទទួលយកការសុំទោស នឹងមិនយកទោសពៃរិ៍ពីចៅៗ ហើយបានយល់ព្រមប្រគល់ដីវិវាទដែលមានទំហំ (១៣ម គុណ ២០ម) ឱ្យទៅចៅៗបន្តរស់នៅឡើងវិញ ហើយលោកយាយបានយល់ព្រមលះបង់ការទាមទារនានាដូចមាន នៅក្នុងពាក្យបណ្តឹងកន្លងមកទាំងអស់ ដោយលោកយាយយល់ព្រមទទួលប្រាក់ចំនួន ៣០,០០០ (បីម៉ឺនដុល្លារអាមេរិក) ដើម្បីបញ្ចប់វិវាទនេះ នៅក្នុងក្រុមគ្រួសារទាំងស្រុង។
ដោយសារភាគីចៅៗ ជាពលរដ្ឋក្រីក្រ គ្មានលទ្ធភាព និងធនធានទាល់តែសោះក្នុងការបង់ប្រាក់ជូនទៅលោកយាយ ស៊ុយ ផូ សម្តេចតេជោ ហ៊ុន សែន លោកមានចិត្តសណ្តោសប្រណីប្រកបដោយមេត្តាធម៌ បានសម្រេចផ្តល់សម្បទានជាទឹកប្រាក់ផ្ទាល់ខ្លួនរបស់សម្តេច ចំនួន ៣០,០០០ (បីម៉ឺនដុល្លារអាមេរិក) ជូនលោកយាយ ស៊ុយ ផូ ដើម្បីបញ្ចប់រឿងក្តីដ៏រ៉ាំរ៉ៃរវាងចៅនិងយាយនៅថ្ងៃនេះតែម្តង៕