Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលតាមចាប់ អតីតមន្រ្តីអាវុធហត្ថម្នាក់ ដកហូតថ្នាំ១១កញ្ចប់ និងបញ្ជូនទៅតុលាការ​ នៅរសៀលថ្ងៃនេះ

29-01-2016 14:52

(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនអតីត មន្រ្តីអាវុធហត្ថម្នាក់ ជាប់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសាធាតុញៀន ហើយបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ ក្រោយចាប់ខ្លួននៅថ្ងៃម្សិលមិញ ស្ថិតនៅចំណុចក្រោយបន្ទាយយោធាខេត្តក្រចេះ ភូមិអូរឬស្សីសង្កាត់អូរឬស្សី ក្រុងក្រចេះ។

នគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់អង្គភាព Fresh News ថា ក្រោយទទួលព័ត៌មានពីមហាជន រាយការណ៍មកអំពី មានករណីជួញដូរគ្រឿងញៀនរួចមក កម្លាំងជំនាញបានចុះទៅដល់ទីតាំង រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុន ចាន់ម៉ៅ អាយុ៤៤ឆ្នាំ និងដកហូតម៉ូតូ១គ្រឿង ព្រមទាំងម៉ា ទឹកកកចំនួន១១កញ្ចប់។

លោក គង់ វណ្ណារិទ្ធ ស្នងការរងនគរបាល និងប្រធានការិយាលយ័កណ្ដាល នគរបាលប្រឆាំបទល្មើសបានបញ្ជាក់ថា ក្រោមការដឹកនាំបញ្ជាផ្ទល់ពី លោកឧត្ដមសេនីយ៍ស្នងការខេត្ត លន់ សុផាត លើការបង្ក្រាបបទល្មើសគ្រឿងញៀន រួចមក លោកបានចាត់ឲ្យកម្លាំងជំនាញ តាមមុខសញ្ញា រហូតឈានទៅដល់ការតាមចាប់ខ្លួន និងកំពុងតាមចាប់បក្ខពួកមួយចំនួនទៀត។

លោកបន្តថា «កិច្ចប្រតិបត្តិបង្ក្រាបបទល្មើសគ្រឿងញៀន នៅឆ្នាំ២០១៥ មានចំនួន៦៣ករណី លើ៤៣ករណី លើសឆ្នាំ២០១៤ មានចំនួន២០ករណី ព្រមទាំងការឃាត់ខ្លួនជនសង្ស័យ ចំនួន១៣៣នាក់បញ្ជូនទៅតុលាការ និងដាក់ពន្ធាគារ»។ ស្នងការរងរូបនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល ឲ្យចូលរួមសហការ និងរាយការណ៍ជូនសមត្ថកិច្ច បើសិនបានដឹងថាកូនរបស់ខ្លួន សេពគ្រឿងញៀន ដើម្បីយកទៅមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន គោលបំណងចូលរួមជួយកសាងសង្គមជាតិ រួចផុតពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយនេះ៕