(ស្វាយរៀង)៖ លោក ទីវ សុភា ប្រធានមន្ទីធម្មការ និងសាសនាខេត្តស្វាយរៀង បានក្រើនរំលឹកដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ពេលចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបន្តចូលរួមការពារ និងទប់ស្កាត់ឱ្យខាងតែបាននៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការអំពាវនាវនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសមន្ទីរធម្មការខេត្ត សហការជាមួយសាលាគណខេត្តស្វាយរៀង និងមន្ត្រីសង្ឃគ្រប់ឋានានុក្រម បន្តនិមន្ត-អញ្ជើញចូលរួមផ្សព្វផ្សាយ និងសម្របសម្រួលការអនុវត្តការបង្ការ និងការពារការឆ្លងជំងឺ-១៩ តាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង នៅក្នងពិធីបុណ្យកាន់បិណ្ឌវេនទី៤ តាមវត្តនានា ទូទាំងខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក ទីវ សុភា បានលើកឡើងថា វត្តអារាមទូទាំង ខេត្តស្វាយរៀង បានប្រារព្ធពិធីកាន់បិណ្ឌវេនទី៣ តាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាខ្មែរ ហើយបានចូលរួមអនុវត្តសេចក្ដីណែនាំ លេខៈ១៤/២០ កធស.សណន របស់ក្រសួងធម្មការ និងសាសនា ស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អ។
លោកបានសំដែងនូវក្តីសប្បាយរីករាយ ដោយឃើញប្រជាពុទ្ធបរិស័ទ ដែលអញ្ជើញមកធ្វើបុណ្យបានគោរពយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីពិធីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថាបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។
ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕